ចាប់ខ្លួនបុរសម្នាក់ ក្រោយបង្កើនគណនីក្លែងក្លាយ ប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ ដើម្បីបោកប្រាស់គេតាមបណ្ដាញសង្គម

ក្រុមមន្ត្រីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើស ប្រើប្រាស់អត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីបណ្តាញសង្គម Facebook (ឈ្មោះ Heng pichii, Chi Chii ), Instagram (ឈ្មោះ Heng pichii7), TikTok (ឈ្មោះ HENG pichii) និងគណនី Telegram មួយចំនួនទៀតធ្វើសកម្មភាពឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស, ស្រាបៀរ និងវិនិយោគរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដោយមានប្រជាពលរដ្ឋជាច្រើនរងគ្រោះពីអំពើនេះ។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយចាប់ខ្លួនបានជនសង្ស័យ ដែលមានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាជនសកម្មក្នុងការប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះ ជាច្រើននាក់។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងការវេរថវិកា ទៅគណនីអនាមិក ជៀសវាងការចាញ់បោកជនល្មើស ដែលប្រព្រឹត្តអំពើទុច្ចរិតមកលើខ្លួន។ បន្ថែមពីនោះ សូមជៀសវាងការជួញដូររូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលមិនមានការទទួលស្គាល់ពីសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនោះទេ៕

អត្ថបទដែលជាប់ទាក់ទង