នៅទីបំផុត, កម្លាំងក្រុមប៉ូលិសខេត្តបន្ទាយមានជ័យបង្ក្រាបបានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់សម្លាប់យកលុយពីជនរងគ្រោះចំនួន៣០ម៉ឺនរៀលហើយ
ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០៖៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈនដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខន មិត្ត អាយុ ៤១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ពាក់ព័ន្ធករណីប្លន់សម្លាប់កាលពីវេលាម៉ោង២១៖៣៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ។
ជនរងគ្រោះឈ្មោះ ឌី សៀងហៃ ភេទប្រុស អាយុ៣៨ឆ្នាំ ដែលកំពុងហូបបាយជាមួយប្រពន្ធនៅក្នុងផ្ទះ។ ដកហូតសម្ភារៈពីជនសង្ស័យរួមមាន៖ សំណាកអាវុធកែឆ្នៃ (កាណុងកាំភ្លើង និងស្នាប់ដៃ) ស្បែកជើង និងសម្លៀកបំពាក់ដែរពាក់ធ្វើសកម្មភាព។
បច្ចុប្បន្នករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង២១៖៣៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានឮសំលេងផ្ទុះអាវុធចំនួន ១គ្រាប់នៅចំណុចចន្លោះគីឡូម៉ែត្រ លេខ៩-១០ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យខណៈនោះ ប្រជាពលរដ្ឋបានរត់ទៅមើលកន្លែងស្នូរផ្ទុះ ក៏ស្រាប់តែឃើញជនរងគ្រោះឈ្មោះ ឌី សៀង ហៃ ដេកដួលនៅលើដីរងរបួសយ៉ាងធ្ងន់ធ្ងរ។ ដោយឃើញសភាពជនរងគ្រោះមិនស្រួលក៏បាននាំគ្នាជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ោយប៉ែត ដើម្បីសង្គ្រោះបន្ទាន់ តែអនិច្ចាជនរងគ្រោះ ត្រូវបានឃាតករបាញ់កាំភ្លើងចំកន្លែងសំខាន់មិនអាចជួយសង្គ្រោះបាន ក៏ស្លាប់បាត់នៅតាមផ្លូវទៅ៕