អ្វីទៅជាបណ្ដឹងសើរើ?
ភ្នំពេញ៖ ជាគោលការណ៍បន្ទាប់ពីសាលក្រម ឬសាលដីកាចូលជាស្ថាពរហើយ សាលក្រម ឬសាលដីកានោះ មានអនុភាពត្រូវយកមកអនុវត្តហើយ ប៉ុន្តែអាចមានករណីខ្លះចៅក្រម ឬតុលាការមានការភាន់ច្រឡំ ទើបក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ ក៏ដូចជាច្បាប់នីតិវិធីព្រហ្មទណ្ឌឆ្នាំ ១៩៩៣ បានដាក់បញ្ចូលបទប្បញ្ញត្តិស្តីពីបណ្ដឹងសើរើនេះ ដើម្បីជួសជុលស្ដារស្ថានភាពជូនប្រជាពលរដ្ឋក្នុងករណីមានកំហុសពីតុលាការ។
*អ្វីទៅជាបណ្ដឹងសើរើ?
ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ បានឲ្យនិយមន័យ បណ្ដឹងសើរើនៅត្រង់មាត្រា៤៤៣ថា ជាបណ្ដឹងតវ៉ាមួយដែលប្រឆាំងទៅនឹងសាលក្រម ឬសាលដីកាដែលបានចូលជាស្ថាពរ ហើយដែលមានអាជ្ញាអស់ជំនុំ។ មានន័យថា ដើម្បីអាចប្ដឹងសើរើបានតតែសាលក្រម ឬសាលដីកាចូលជាស្ថាពរជាមុនសិន ហើយសាលក្រម ឬសាលដីកានេះត្រូវតែជាសាលក្រម ឬសាលដីកាដែលចេញដោយចៅក្រមជំនុំជម្រះ និងមិនតែប៉ុណ្ណោះវាទាមទារនូវលក្ខខណ្ឌមួយទៀតនោះគឺអាជ្ញាអស់ជំនុំ ពាក្យអាជ្ញាអស់ជំនុំនេះជាពាក្យប្រើសម្រាប់បិទផ្លូវប្ដឹងតវ៉ាតទៅទៀត។
*លក្ខខណ្ឌនៃបណ្ដឹងសើរើ
ជាទូទៅមិនមែនសុទ្ធតែបណ្ដឹងទាំងអស់អាចប្ដឹងសើរើបានទាំងអស់នោះទេ ដើម្បីអាចប្ដឹងសើរើបានលុះត្រាតែបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖ (ម.៤៤៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)
*១៖ កាលណាក្រោយពីការផ្តន្ទាទោសពីបទមនុស្សឃាតមានលេចតម្រុយយ៉ាងគ្រប់គ្រាន់ដែលអនុញ្ញាតឲ្យគិតថាជនរងគ្រោះនោះនៅរស់រានមានជីវិតនៅឡើយ។
ឧទាហរណ៍៖ លោក ក ត្រូវបានតុលាការសម្រេចផ្តន្ទាទោសពីបទឃាតកម្មលើលោក ខ ប៉ុន្តែបន្ទាប់ពីលោក ក ជាប់ពន្ធនាគារបាន ១ឆ្នាំ ស្រាប់តែលេចវត្តមានលោក ខ នៅមិនទាន់ស្លាប់។
*២៖ កាលណាជនជាប់ចោទពីរនាក់ត្រូវបានផ្តន្ទាទោស ចំពោះបទល្មើសដដែលនេះមិនចុះសម្រុងគ្នាទេ។
ឧទាហរណ៍៖ លោក ក ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពីបទឃាតកម្មទៅលើលោក ខ ដដែល តែក្រោយមកស្រាប់តែតុលាការបានចេញសេចក្តីសម្រេចមួយទៀតផ្តន្ទាទោសទៅលើលោក គ ពីបទឃាតកម្មទៅលើលោក ខ ម្ដងទៀត ទាំងដែលលោក ក និងលោក គ មិនជាប់ពាក់ព័ន្ធនឹងគ្នាជាសហចារី អ្នកសមគំនិត ឬអ្នកផ្តើមគំនិតទេ។
*៣៖ កាលណាសាក្សីណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើស ធ្វើជាសាក្សីដោយក្លែងប្រឆាំងនឹងជនជាប់ចោទ។
ឧទាហរណ៍៖ លោក ក ត្រូវបានផ្តន្ទាទោសពីបទលួច នៅពេលសវនាការមានសាក្សីឈ្មោះ ខ ឆ្លើយដាក់បន្ទុកទៅលើលោក ក (ថាខ្លួនបានឃើញលោក ក ពិតជាបានប្រព្រឹត្តិបទល្មើសដោយផ្ទាល់ភ្នែក) ហើយយោងមានចម្លើយរបស់ឈ្មោះ ខ តុលាការបានសម្រេចផ្តន្ទាទោសលោក ក។ ប៉ុន្តែក្រោមមកសាក្សីឈ្មោះ ខ ត្រូវបានតុលាការផ្តន្ទាទោសពីបទសក្ខីកម្មក្លែងក្លាយ។
ករណីទាំង៣នេះ មានភាពជាក់លាក់ព្រោះក្រមនីតិវិធីបានចង្អុលចំៗទៅលើករណីនីមួយៗ។
*កាលណាមានអង្គហេតុថ្មី ឬលិខិត ឬភស្តុតាងថ្មីដែលនាំឲ្យគេសង្ស័យលើពិរុទ្ធភាពនៃទណ្ឌិត។ មានន័យថា៖ បន្ទាប់ពីផ្តន្ទាទោសហើយសាលក្រម ឬសាលដីកាចូលស្ថាពរ ស្រាប់តែគេទើបរកឃើញនូវភស្តុតាងថ្មី នូវអង្គហេតុថ្មី នូវលិខិតថ្មី ដែលបញ្ជាក់ថា ជននោះមិនបានប្រព្រឹត្តិបទល្មើសទៅវិញ។
សរុបមក៖ ដើម្បីអាចបើកការសើរើលើរឿងងក្តីមួយបានលុះត្រាតែមានការសង្ស័យលើពិរុទ្ធភាពរបស់ជនល្មើសនឹងអាចឈានទៅដល់ការផ្តន្ទាទោសដោយភាន់ច្រឡំ។
*នរណាខ្លះអាចប្តឹងសើរើបាន?
បុគ្គលដែលមានសិទ្ធិប្ដឹងសុំឲ្យសើរើរឿងក្តីមាន៖ (ម.៤៤៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)
១៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
២៖ ទណ្ឌិត ឬអ្នកតំណាងស្របច្បាប់ ប្រសិនបើទណ្ឌិតជាអសមត្ថជន
៣៖ សហព័ន្ធ ឪពុកម្តាយ កូន និងជាទូទៅជនណាដែលមានប្រយោជន៍ខាងសម្ភារៈ ឬខាងផ្លូវចិត្តក្នុងការលប់បំបាត់ទណ្ឌកម្មនេះក្នុងកររណីដែលទណ្ឌិតបានទទួលមរណភាព ឬបាត់ខ្លួន។
ទន្ទឹមនឹងនេះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មុននឹងប្ដឹងសើរើ អាចចេញអធិបញ្ជាដល់អគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចដែនដីឲ្យធ្វើការស្រាវជ្រាវបន្ថែមបាន។
រៀបរៀងដោយ៖ និស្សិត ហុង ហ្គេចផេង, និស្សិត ភួង ម៉ានិន និងនិស្សិត ភិន ស្រីពុំ