រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបង្ហាញពីផែនការគ្រប់គ្រងសុវត្ថិភាព និងវិធានការបន្ទាន់ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវដែក
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ផែនការគ្រប់គ្រង និងវិធានការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវដែក” នាល្ងាចថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជម្រាបជូនអំពីផែនការគ្រប់គ្រងសុវត្ថិភាព និងវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវដែក ដែលមានខ្លឹមសារសង្ខេប ដូចខាងក្រោម៖
*វិធានការបន្ទាន់ចំពោះមុខ៖ ទី១៖ ការដាក់របារ និងការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាព, ទី២៖ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍និងទី៣៖ ការអប់រំផ្សព្វផ្សាយ។
*វិធានការរយៈពេលមធ្យម និងរយៈពេលវែង៖ ក្រុមការងារបច្ចេកទេសអន្តរក្រសួង នឹងបន្តការពិភាក្សាជាមួយក្រុមហ៊ុន និងរៀបចំផែនការលម្អិតក្រោមក្របខ័ណ្ឌនៃការចរចា និងការរៀបចំកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មីឡើងវិញ។
នៅក្នុងសន្និសីទសារព័ត៌មានក៏មានការចូលរួមពីលោក John Guiry នាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវេ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ៦០រូប។
នាឳកាសនោះ ឯកឧត្ដម ប៉េង ពោធិ៍នា បានថ្លែងថា កម្ពុជា បានសិក្សានិងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ ដែក នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។ ឯកឧត្ដមបន្តថា ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក អាចបើកបានល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់រាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទៅកាន់ក្រុងសៀមរាប។ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន ៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញទៅបាវិតព្រំដែនវៀតណាម, ភ្នំពេញទៅប៉ោយប៉ែត កាត់តាមកំពង់ធំ និងសៀមរាប។
ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះទៅ កម្ពុជាក៏នឹងសាងសង់ប្រព័ន្ធផ្លូវ ដែកក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនខ្លាំង៕