នៅទីបំផុត,ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក គង់ សុខសែង ហៅ DEN SONY ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ)ហើយ

ភ្នំពេញ៖ លោក គង់ សុខសែង ហៅ DEN SONY នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវបានលោកចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ)។

ការសម្រេចឃុំខ្លួននេះ ក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង សម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

លោក គង់ សុខសែន ហៅ ដែន សូនី ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ហើយបញ្ជូនទៅកាន់តុលាការបន្ទាប់ពីសួរចម្លើយរួច។

ការឃាត់ខ្លួននេះ ធ្វើឡើងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាល បានចុះទៅឃាត់ខ្លួនលោក សែន សូនី តែម្តង បន្ទាប់ពីវីដេអូរបស់លោកដែលបានប្រើហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបែកធ្លាយ។

ក្រោយវីដេអូបែកធ្លាយ ហើយមានការរិះគន់យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនោះ លោក ដែន សូនី បានចេញមុខបកស្រាយថា វីដេអូដែលឃើញប្រើប្រាស់អំពើហិង្សានោះ ជាវីដេអូសម្តែងប៉ុណ្ណោះ ដោយខ្លួនបានសម្តែង (Prank) ជាមួយនឹងប្អូនស្រីរបស់ខ្លួន ហើយបន្ទាប់មកក៏បាត់ទូរស័ព្ទដែលបានថតវីដេអូនោះតែម្តង។

ទោះជាយ៉ាងណា តាមបណ្តាញសង្គម លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានប្រកាសជាសាធារណៈថា សមត្ថកិច្ចនឹងមិនសម្តែង (Prank) ជាមួយនោះទេ គឺត្រូវតែអនុវត្តទៅតាមច្បាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង