ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មី តែទាមទារការធ្វើជាប្រចាំ កាន់តែសកម្ម កាន់តែលម្អិត ទើបមានប្រសិទ្ធភាព និងប្រសិទ្ធផល

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ខណៈពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ការងារកែទម្រង់រដ្ឋបាលសាធារណៈជាកិច្ចការអាទិភាព ក្រសួងមុខងារសាធារណៈដើរតួកាន់តែសំខាន់លើការងារនេះ បន្ថែមលើកិច្ចការងារបច្ចេកទេសប្រចាំថ្ងៃដែលបាន និងកំពុងអនុវត្ត។ 

ការថ្លែងរបស់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវិធានការ និងផែនការសកម្មភាពដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្ដមបានបន្តថា ជាក់ស្តែងព្រឹកនេះ ថ្នាក់ដឹកនាំថ្នាក់ជាតិរួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណាងក្រសួង ស្ថាប័ន រួមទាំងអភិបាលនៃគណៈអភិបាល រាជធានីខេត្ត និងមន្ត្រីថ្នាក់ក្រោមជាតិបានស្តាប់ ចូលរួមពិភាក្សា និងផ្តល់ជូនមតិយោបល់ជាធាតុចូលយ៉ាងផុលផុសលើការរៀបចំវិធានការ និងផែនការសកម្មភាពនៃការកែទម្រង់រដ្ឋបាលសាធារណៈ។ 

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ ព្រោះការងារនេះត្រូវបានធ្វើជាប្រចាំកន្លងមកហើយ។ ពេលនេះ យើងបន្តធ្វើការងារនេះឱ្យកាន់តែសកម្ម ធ្វើឱ្យកាន់តែលម្អិត កាន់តែច្បាស់លាស់ ហើយសម្រេចបានជាសមិទ្ធផលជាក់ស្តែងពិតប្រាកដ ឆ្ពោះទៅកាន់ការអនុវត្តដែលស្របជាមួយគោលការណ៍ដែលសម្តេចធិបតី ធ្លាប់បានលើកឡើងស្តីអំពី «ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាត និងមានរបៀបរៀបរយ»។    

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ក្នុងនាមក្រសួងមុខងារសាធារណៈ ក៏ដូចជាក្នុងនាមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការណ៍គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ឯកឧត្ដមសូមថ្លែងអំណរគុណចំពោះការចូលរួមជាមតិយោបល់ ដែលជាធាតុចូល សំខាន់ៗដែលមិនត្រឹមតែសម្រាប់ការរៀបចំវិធានការ និងផែនការសកម្មភាព ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំពោះមុខតែប៉ុណ្ណោះទេ តែជាការរៀបចំ កសាង និងតម្រង់ទិសរដ្ឋបាលសាធារណៈរបស់កម្ពុជាក្នុងរយៈពេលយូរអង្វែងនាពេលអនាគត។ កិច្ចការកែទម្រង់ច្បាស់ណាស់ថា នឹងមានផលជះដល់ប្រតិបត្តិការណាមួយរបស់បុគ្គល និងស្ថាប័ន តែអ្វីដែលជាគោលដៅសំខាន់ជាងគេបំផុត គឺផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជារួម ដែលទាមទារឱ្យមានចក្ខុវិស័យវែងឆ្ងាយ មានឆន្ទៈនយោបាយ មានការចូលរួម និងមានការលះបង់ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង