ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឯកឧត្តម ស៊ុន ចាន់ថុល នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការនេះ។
ក្នុងអង្គប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា លេខាធិការដ្ឋាននៃគណៈកម្មាធិការ ក៏ដូចជាពិនិត្យលើសកម្មភាពការងារដែលត្រូវអនុវត្តតាមសកម្មភាពដែលបានកំណត់នៅក្នុងផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
អង្គប្រជុំមានការផ្លាស់ប្ដូរយោបល់យ៉ាងផុសផុល ដោយក្នុងនោះ សមាជិក សមាជិកា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធបានធ្វើការរាយការណ៍អំពីវឌ្ឍនភាពការងារនៃការងារសកម្មភាពរបស់ក្រសួង-ស្ថាប័នសាម៉ីដែលបានកំណត់នៅក្នុងផែនការសកម្មភាពនេះ និងបានលើកជាសំណើ និងសំណូមពរផ្សេងៗជូនដល់អង្គប្រជុំដើម្បីជាធាតុចូលសម្រាប់កិច្ចប្រជុំអន្តររដ្ឋាភិបាលជាមួយភាគីចិននាពេលខាងមុខ សំដៅជំរុញការអនុវត្តផែនការសកម្មភាពនេះ ឱ្យកាន់តែមានប្រសិទ្ធិភាព៕