ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតឱ្យលោក Li Changgui អនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Li Changgui អនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(China Road and Bridge Corporation – CRBC) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ជូនដល់លោកអនុប្រធានក្រុមហ៊ុន ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងអាទិភាពមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបាននិងកំពុងអនុវត្ត និងកំពុងសិក្សា ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាល ក្នុងការជំរុញគម្រោងទាំងអស់ឱ្យទទួលបានលទ្ធផលល្អ និងសម្រេចបញ្ចប់បានឆាប់ៗនាពេលខាងមុខនេះ។

ជាការឆ្លើយតប លោកអនុប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា អនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងបន្ថែមពីនេះ ក្នុងនាមតំណាងឱ្យក្រុមហ៊ុន លោកអនុប្រធានបានបង្ហាញអំពីការតាំងចិត្តយ៉ាងមុខមាំ ធានាពន្លឿននីតិវិធី និងការងារបច្ចេកទេសនៃគម្រោងទាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង