លោក ចេង ឌីណា៖ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត
កណ្ដាល៖ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ រួមជាមួយ លោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានចូលរួមក្នុង «ពិធីសម្ពោធផ្លូវបេតុងអាមេចំនួន៤ខ្សែរ ប្រវែង២១៤០ម៉ែត្រ» ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
លោក ចេង ឌីណា បានថ្លែងថា ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានា ជាច្រើនផ្សេងទៀតរបស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកប ដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម គង់ សោភ័ណ្ឌ បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន៤ខ្សែ នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀតរបស់ស្រុកខ្សាច់កណ្ដាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និង បរិយាប័ន្ន។ ហើយផ្លូវបេតុងនេះនឹងផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលការ លំបាក និងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។
ឯកឧត្ដមបានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតខ្ពស់ ពោរពេញដោយថាមពល សមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ និងមានមនសិការស្នេហាជាតិរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដោយ កំណត់អាទិភាពជាគន្លឹះ ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសផ្តោតលើ “បច្ចេកវិទ្យាឌីជីថល” ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ។
ឯកឧត្ដមបានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងទាំង៣ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច និងត្រូវគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុង គ្រួសារ និងគ្មានក្មេងទំនើង។ ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ត្រូវឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាច សាហាវ ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្ដមអភិបាលខេត្តបានសម្តែងនូវការគោរពដឹងគុណ និងអរគុណចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានក្រុង ស្រុក និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងខេត្ត កណ្តាលគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែបានជួយ ឧបត្ថម្ភ គាំទ្រ ទាំង ស្មារតី និង សំភារៈ នៅគ្រប់កាលៈទេសៈ និងតែងនៅកៀកជាប់ ដោះស្រាយបញ្ហា ការលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
គួរបញ្ជាក់ថា ផ្លូវបេតុងអាមេ ចំនួន ៤ខ្សែ ប្រវែង ២,១៤០ម៉ែត្រ” ក្នុងនោះ៖ *ខ្សែទី១. ប្រវែង ៩៤០ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ នៅភូមិវិហារ សួគ៌ជើង ឃុំវិហារសួគ៌ *ខ្សែទី២. ប្រវែង ៧០០ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ នៅភូមិម៉ែបាន ឃុំស៊ីធរ និង*ខ្សែទី៣ និង*ទី៤ ប្រវែង ៥០០ម៉ែត្រ ទទឹង៣ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ផងដែរ៕