វិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនរៀបចំព្រឹត្ដិការណ៍សង្ក្រាន្ដដើម្បីផ្តល់ឱកាសឱ្យនិស្សិតចូលរួមបង្កើតគំនិតច្នៃប្រឌិតតាមរយៈសកម្មភាពនានា
ភ្នំពេញ៖ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ដែលជាទំនៀមទម្លាប់ និងអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិ ក៏ដូចជាដើម្បីបង្កើនភាពជិតស្និតរវាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ និងនិស្សិតគ្រប់ជំនាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននារសៀលថ្ងៃសុក្រទី០៧ ខែមេសា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំវិទ្យាស្ថាន មន្ត្រីរាជការក្រោមឱវាទក្រសួង និងសិស្ស និស្សិត ក៏បានអញ្ជើញទស្សនាការសម្តែងរបាំត្រុដិ ដែលដឹកនាំសម្តែងដោយនិស្សិតវិទ្យាស្ថានផងដែរ។
គួរជម្រាបជូនថាកម្មវិធីនេះត្រូវបានធ្វើឡើងរយៈពេលមួយថ្ងៃពេញ ដោយមានសកម្មភាពជាច្រើនរួមមាន៖ ការលេងល្បែងប្រជាប្រិយ ការសម្ដែងសមត្ថភាព និងការប្រកួតប្រជែងរបស់និស្សិត ការលក់ម្ហូបអាហារនៅតាមស្ដង់ ការតាំងបង្ហាញសមិទ្ធិផលនានារបស់អង្គភាពក្រោមឱវាទក្រសួង និងការប្រគុំតន្រ្ដីជាដើម។
ព្រឹត្ដិការណ៍នេះ ជាការផ្តល់ឱកាសឱ្យនិស្សិតចូលរួមបង្កើតគំនិតច្នៃប្រឌិត តាមរយៈសកម្មភាពនានាដូចជា៖ ការរៀបចំកម្មវិធី ការធ្វើការងារជាក្រុម ការលក់ម្ហូបអាហារតាមស្ដង់ ការលេងល្បែងកម្សាន្ដ និងការចូលរួមប្រកួតប្រជែងសម្តែងជាដើម ដែលជាជំនាញទន់ ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនបន្ថែមពីលើជំនាញបច្ចេកទេស ដែលវិទ្យាស្ថានបានផ្ដល់ជូន។
ព្រឹត្ដិការណ៍នេះក៏បានចូលរួមបង្ហាញអំពីការចូលរួមសកម្មភាពសង្គម ការថែរក្សាទំនៀមទំលាប់ វប្បធម៌ ប្រពៃណី របស់ប្រទេសជាតិយើង និងប្រមូលថវិកាសប្បុរសធម៌ ដើម្បីជួយដល់សាលាដែលមានការខ្វះខាតក្នុងខេត្ដសៀមរាបផងដែរ។
សូមបញ្ជាក់ផងដែរថា រាប់ចាប់ពីការតុបតែងទីធ្លាវិទ្យាស្ថាន ការរៀបចំស្ដង់ ការសម្ដែងសមត្ថភាព ការរៀបចំកម្មវិធី រហូតដល់ការគ្រប់គ្រងពិធីការកម្មវិធី គឺត្រូវបានធ្វើឡើងដោយកម្លាំងសាមគ្គី របស់និស្សិតគ្រប់ជំនាន់ ក្រោមការណែនាំ និងសម្របសម្រួលរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន។
តាមរយៈការចូលរួមរៀបចំកម្មវិធីសង្ក្រាន នេះ និស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានរៀនសូត្របន្ថែមនូវជំនាញទន់ដោយផ្ទាល់ពីការអនុវត្ដការងារ (On-Job Training) ដែលក្នុងនោះរួមមាន៖ ជំនាញនិយាយជាសាធារណៈ (Public Speaking Skill) ជំនាញរៀបចំគ្រប់គ្រងកម្មវិធី (Event-management Skill) ជំនាញភាពជាអ្នកដឹកនាំ (Leadership Skill) ការធ្វើការងារជាក្រុម ការគ្រប់គ្រងពេលវេលា និង ជំនាញផ្សព្វផ្សាយ ជាដើម៕