នាយឧត្តមសេនីយ៍ ស ថេត ទទួលគ្រឿងឧបភោគបរិភោគពី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមហ៊ុន ព្រីនស៍ សម្រាប់ឧបត្ថម្ភដល់កងកម្លាំងនគរបាល
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីពិធីប្រគល់ ទទួល មីម៉ាម៉ាចំនួន៥០កេសធំ ស្មើនឹង៣០០កេសតូច ពីឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងនាមក្រុមការងារសេនាសន្តិភាព និងទឹកផ្លែឈើចំនួន ៥០០កេស ទឹកបរិសុទ្ធចំនួន ៥០០កេស ពីតំណាងអ្នកឧកញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងនាមក្រុមការងារសេនាសន្តិភាព និងអ្នកឧកញ៉ា ចេន ហ្សី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនគរបាលជាតិ ដើម្បីថ្លែងអំណរគុណចំពោះការចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបង្កើតបាននូវបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កាយវិការដ៏ឧត្តុង្គឧត្តមនេះ បានឆ្លុះបញ្ចាំងអំពីទឹកចិត្តដ៏សប្បុរស ហើយក៏ជាការចូលរួមចំណែកលើកទឹកចិត្ត និងជំរុញស្មារតីរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
ជំនួសមុខកងកម្លាំងនគរបាលជាតិ ឯកឧត្តមបានថ្លែងអំណរគុណ និងជូនពរ ឯកឧត្តមទីប្រឹក្សាក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ និងអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕