តំណាងប្រជាពលរដ្ឋនិងអាជីវករចំនួន១១៧គ្រួសារនាំគ្នាផ្ដិតមេដៃសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីអនុញាតឱ្យពួកគាត់បានបន្តកាន់កាប់ ស្នាក់អាស្រ័យ និងប្រកបអាជីវកម្មចិញ្ចឹមជីវិត និងផ្តល់កម្មសិទ្ធិលើទីតាំងដីនៅតាមដងផ្លូវជាតិលេខ៥៥ ជើងភ្នំ១៥០០ ស្ថិតនៅស្រុកវាលវែង

 

ពោធិ៍សាត់៖ លោក ថៃ ថេរៈគុណ និងលោក ឈន ឃន ដែលជាតំណាងប្រជាពលរដ្ឋ និងអាជីវករចំនួន ១១៧គ្រួសារ ស្នាក់អាស្រ័យ និងប្រកបអាជីវកម្មនៅតាមដងផ្លូវ ជាតិលេខ៥៥ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ជើងភ្នំ១៥០០) បាននាំគ្នាផ្ដិតមេដៃសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រ កម្ពុជាទៅរាជរដ្ឋាភិបាលដើម្បីអនុញាតឱ្យពួកគាត់បានបន្តកាន់កាប់ ស្នាក់អាស្រ័យ និងប្រកបអាជីវកម្មចិញ្ចឹមជីវិត និងផ្តល់កម្មសិទ្ធិលើទីតាំងដីនៅតាមដងផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ជើងភ្នំ១៥០០) ដែលពួកគាត់បានកាន់កាប់-ទិញ ស្នាក់ អាស្រ័យ បង្កបង្កើនផល និងប្រកបអាជីវកម្ម ជាច្រើនឆ្នាំមកហើយ និងបានចំណាយថវិកាជាច្រើនដើម្បីអភិវឌ្ឍ និងវិនិយោគសាងសង់ (ជាហាងកាហ្វេ ហាងលក់ទំនិញ ភោជនីយដ្ឋាន កន្លែងលំហែទេសចរណ៍ បែបធម្មជាតិ និងបានដាំដើមឈើហូបផ្លែជាច្រើនទៀត) នៅលើទីតាំងដីទាំងនេះ។ នេះបើតាមលិខិតសុំកិច្ចអន្តរាគមន៍ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ។

នៅក្នុងលិខិតសុំកិច្ចអន្តរាគមន៍បានបន្តថា ពួកគាត់បាននិងកំពុងកាន់កាប់ ស្នាក់អាស្រ័យ និងប្រកបអាជីវកម្មចិញ្ចឹមជីវិត នៅលើទីតាំងដីខាងលើ ដែលពួកគាត់បានកាន់កាប់-ទិញ ស្នាក់អាស្រ័យ បង្កបង្កើនផល និងប្រកបអាជីវកម្មជាលក្ខណៈគ្រួសារ ជាច្រើន ឆ្នាំមកហើយ ប្រកបដោយភាពសុខដុមរមនា និងសោមនស្សចំពោះសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ភូមិ-ឃុំ ដែលជា សមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជាពិសេស រាជរដ្ឋាភិបាលដែលដឹកនាំដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចពុក ហើយទន្ទឹមនេះដែរ ពួកគាត់ក៏បានចូលរួមអភិវឌ្ឍមូលដ្ឋាន និងគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការបោះឆ្នោតគាំទ្រជាច្រើនលើកផងដែរ។ ក៏ប៉ុន្តែនាពេលថ្មីៗនេះ អំឡុងថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២៤ ពួកគាត់ មានការតក់ស្លុត និងរងទុក្ខព្រួយជាទម្ងន់ ដោយសារមានការជូនពត៍មានតាមទូរសព្ទដៃ និងការប្រជុំនៅសាលាខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងការដោះស្រាយតំបន់អន្ទង់អាំង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់បៃតងជំហានទី១ ក្រោមធិបតីវត្តមានឯកឧត្តម កែវ រតនៈ និងឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលនឹងធ្វើការរុះររើ បណ្តេញចេញ និងរឹបអូសយកទីតាំងដីខាងលើនេះពីពួកគាត់ ដោយគ្មានសំណង និងដំណោះស្រាយសមរម្យណាមួយឡើយដោយអះអាងថា ពួកគាត់កំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់ដែលត្រូវអភិរក្សស្តារព្រៃឈើឡើងវិញ។ ប្រភពបន្តថា ទីតាំងដីខាងលើ ដែលពួកគាត់បានកាន់កាប់-ទិញ ស្នាក់អាស្រ័យ បង្កបង្កើនផល និងប្រកបអាជីវកម្ម ជាច្រើនឆ្នាំមកហើយ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ផងដែរនោះ គឺមានទីតាំង ក្បាលដីជាប់នឹងដងផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិដីក្រហម ភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយមិន ពាក់ព័ន្ធនឹងព្រៃភ្នំ ឬតំបន់ផ្លូវអន្ទង់អាំងដែលត្រូវអភិរក្សឡើយ។ លើសពីនេះទៀត ក្នុងកិច្ចនៅប្រជុំនៅសាលាខេត្តពោធិ៍សាត់ ថ្មីៗនេះ ឯកឧត្តម កែវ រតនៈ និងឯកឧត្តមអភិបាលខេត្ត ពុំបានពន្យល់អំពីហេតុផល និងដំណោះស្រាយសមរម្យណាមួយ ហើយក៏មិនបានយកចិត្តទុកដាក់ស្តាប់ហេតុផលនិងសំណូមពររបស់ពួកគាត់ឡើយ គឺគ្រាន់តែបានធ្វើសេចក្តីថ្លែងការណ៍មួយដែលមានលក្ខណៈ គាបសង្កត់ សម្លុត បង្ខំឱ្យរុះរើនិងចាកចេញពីទីតាំងស្នាក់អាស្រ័យ និងចញ្ចឹមជីវិតខាងលើ ព្រមទាំងគម្រាមថា នឹងប្រើវិធានការណ៍ក្តៅចំពោះប្រជាពលរដ្ឋទៅវិញដោយអះអាងថា នេះជាការអនុវត្តនូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ខ្លឹមសារនៅក្នុងលិខិតខាងលើបានបន្តថា ចំពោះករណីនេះ ពួកគាត់យល់ថា ក្នុងកាលៈទេសៈ និង ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បាននិងកំពុងជួបការលំបាកក្នុងការរកទទួលទាន ចិញ្ចឹមជីវិតប្រចាំថ្ងៃផងនោះ  រាជរដ្ឋាភិបាលមិនគួរចាត់វិធានការរុះរើ បណ្តេញ និងរឹបអូសយកដីជាទីតាំងស្នាក់អាស្រ័យ និង ចញ្ចឹមជីវិតខាងលើរបស់ពួកគាត់ឡើយ ព្រោះនេះជាការដាក់បន្ថែមបន្ទុក និងការលំបាកបន្ថែមទៀតដល់ពួកគាត់ និងអាចជាការប៉ះពាល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសុខដុមនីយកម្មនៃសង្គមផងដែរ។

ប្រភពបានបន្តទៀតថា ដើម្បីអនុញ្ញាតឱ្យពួកគាត់អាចមានទីស្នាក់អាស្រ័យ និងបន្តសម្មភាពការងារអាជីវកម្ម ចញ្ចឹមជីវិតប្រចាំថ្ងៃបន្តទៀត ក៏ដូចជាការចូលរួមអនុវត្តនយោបាយវិនិយោគ និងអភិវឌ្ឍបែបស្បែកខ្លា (ការអភិវឌ្ឍន៍បែប ស្បែកខ្លា ជាការអភិវឌ្ឍន៍នៅនឹងកន្លែងមិនបណ្ដេញប្រជាពលរដ្ឋចេញ ការអភិវឌ្ឍន៍ដែលមានការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន និងសហគមន៍ ហើយជាការអភិវឌ្ឍន៍ដែលចូលរួមលើកកំពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងទទួលបាននូវ អំណរសាទរ និងការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល និងអាចកាត់បន្ថយចំណាកស្រុកផងដែរ) ដែលជាគោលការណ៍វិនិយោគចំបងអនុវត្តដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចពុកប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់កន្លងមក ពួកគាត់សូមគោរពសម្តេចពុក មេត្តាជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាលដើម្បីផ្តល់គោលការណ៍ដូចខាងក្រោម៖

១៖ អនុញាត្តឱ្យពួកគាត់បន្តកាន់កាប់ ស្នាក់អាស្រ័យ និងប្រកបអាជីវកម្មចិញ្ចឹមជីវិត នៅលើទីតាំងដីខាង លើនេះបន្តទៀត។

២៖ ផ្តល់កម្មសិទ្ធិលើទីតាំងខាងលើដល់ពួកគាត់ ដើម្បីអាចបង្កើនការវិនិយោគបន្ថែម និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យកាន់តែខ្លាំង ក្នុងបំណងធានាបាននូវស្ថេរភាព សុវត្ថិភាពគតិយុត្តនៃ សិទ្ធិ និងសុខដុមនីយកម្មនៃសង្គមជាតិ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតសុំកិច្ចអន្តរាគមន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស្នាមមេដៃប្រជាពលរដ្ឋ៖

អត្ថបទដែលជាប់ទាក់ទង