ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលត្រូវបានក្រុមប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធករណីវ៉ៃប្រពន្ធដូចសត្វធាតុ
ស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឃាត់ខ្លួនលោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលស្រុកស្វាយទាប ខេត្តស្វាយរៀង បន្ទាប់ពីរងបណ្ដឹងពីភរិយារបស់ខ្លួនពាក់ព័ន្ធករណីស្រវឹងស្រា ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃវាយដំច្រំធាក់ដូចសត្វធាតុបណ្ដាលស្ត្រីជាប្រពន្ធរងរបួស និងត្រូវបានគេបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅយប់ទី៧ ខែឧសភា ឆ្នាំ២០២៤នេះ។
ប្រភពបន្តថា បច្ចុប្បន្ន លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតក្រោមការឃាត់ខ្លួននៅការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ដោយឡែក ស្ត្រីរងគ្រោះឈ្មោះ រ៉ារី វណ្ណិច នៅភូមិព្រៃរំដួល ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងបានប្ដឹងស្វាមីរបស់ខ្លួន គឺលោកវេជ្ជបណ្ឌិត សាន់ សុធាវុធ មានតួនាទីជាប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលពីបទ ប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ វាយធ្វើបាបនាង បណ្ដាលឱ្យរងរបួសជាំខ្លួន។
នៅក្នុងបណ្ដឹង ស្ដ្រីរងគ្រោះបានរៀបរាប់ថា កន្លងមកលោកវេជ្ជបណ្ឌិត សាន់ សុធាវុធ តែងតែរករឿងវាយដំច្រំធាក់ មកលើខ្លួនជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះ លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ តែងតែបង្ហើរពាក្យបោះសម្ដីថា ទោះជាប្រពន្ធទៅប្ដឹងដល់ណា ក៏មិនឈ្នះខ្លួនជាប្ដីដែរ។
ស្ត្រីរងគ្រោះបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី ក្រោយត្រឡប់មកពីផឹកស៊ីវិញឈ្មោះ សាន់ សុធាវុធ បានជេររករឿង និងវាយដំមកលើខ្លួនយ៉ាងសាហាវព្រៃផ្សៃដោយចាប់បោចសក់ បោកក្បាលអុកទៅនឹងគ្រែ ហើយអូសចុះពីលើផ្ទះ មកក្រោមទៀតផង។ ពេលនោះដែរបើកុំតែបានប្អូនជីដូនមួយរបស់គាត់ ជួយឃាត់ ម៉្លេះប្ដីរបស់គាត់ វាយរូបគាត់បណ្ដាលឱ្យស្លាប់មិនខាន។
ទាក់ទិនករណីនេះ ករណីលោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលនឹងត្រូវបញ្ចូនទៅតុលាការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ៕