រដ្ឋមន្ត្រីថ្មីក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាពប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ។

នៅក្នុងសេចក្ដីសម្រេច៖ ប្រការ១៖ លុបប្រកាសលេខ ០៧២ ព.ម ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ជាវ គឹមលាង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១១២០៨១៣៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅផ្ទះលេខ២០២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ជាម្ចាស់សហគ្រាសគេហទំព័រគ្រុឌ01 ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះ www.kruth01.com មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ២០២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ដោយម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ និងប្រការ១៖ លុបប្រកាសលេខ ០៣៩ ព.ម ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ទុយ រិទ្ធី កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១០៧៣៤៧១៣ (០១) ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ មានអាសយដ្ឋាននៅផ្ទះលេខ១៤០៤ ផ្លូវលេខ៤១០ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាម្ចាស់សហគ្រាសសារព័ត៌មាន ខេភី សូសលញូស៍ ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះ www.khmerpostnews.com អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ ១៤២៤ ផ្លូវលេខ៤១០ ភូមិ២ សង្កាត់បឹង ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារ ព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ប្រការ២៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួនពីរ៖

អត្ថបទដែលជាប់ទាក់ទង