បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ រឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម
ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) ដឹកនាំដោយលោក វរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក យេង ប៊ុនណា នាយការិយាល័យ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ មានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣៖០៥នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច តាមបណ្តោយផ្លូវលេខ ១០៨០ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
កម្លាំងជំនាញបានចាប់ខ្លួនជនល្មើស២នាក់៖ ១៖ ឈ្មោះ ច័ន្ទ វីរ: (ឡុង ឆេកូ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និង២៖ ឈ្មោះ សោម វិវឌ្ឍន៍ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៩៨៨ក្រាម (ជិត៣គីឡូក្រាម)។
បច្ចុប្បន្នជនល្មើសខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕