ក្រុមប៉ូលិសមហាផ្ទៃបង្ក្រាបករណីប្លន់ និងបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យបានបើកប្រតិបត្តិការបង្ក្រាបករណីកាប់ប្លន់ និងឈានដល់បំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក រកឃើញម៉ូតូមិនមានឯកសារ, ផ្លាកលេខ៦០ផ្លាក និងកាតគ្រីមួយចំនួនទៀត។
គួររំលឹកថា កាលពីវេលាម៉ោង២៤៖៥០នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ាក HONDA C125 ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1JV-3592 ជនរងគ្រោះឈ្មោះ បឿន ដេវីត នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ម៉ោងប្រហែល១៖៣០នាទី ជនសង្ស័យមានគ្នា៣នាក់ បានជិះម៉ូតូចំនួន២គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ ចំកណ្ដាលខ្នងចំនួនមួយកាំបិត (តែមិនមុត) បណ្តាលឲ្យដួលម៉ូតូ រួចពួកគេបានស្ទុះមកកាប់បន្ថែមទៀត រួចលើកយកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការដឹកនាំបញ្ជា លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ជាលទ្ធផលឈានដល់កំណត់បានមុខសញ្ញាធ្វើសកម្មភាព និងទីតាំងយកម៉ូតូទៅលក់។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាំខ្លួនជនសង្ស័យបានចំនួន៦នាក់ ពីចំណុចខាងក្រោយវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង។
ជនសង្ស័យបានសារភាពថា បក្ខពួករបស់ខ្លួនមានគ្នាចំនួន៩នាក់បានធ្វើសកម្មភាព វាយកាប់ប្លង់យកម៉ូតូ និងឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នកម្លាំងនាយកដ្ឋានបាននាំខ្លួន០៦នាក់ នៅសល់០៣នាក់ទៀត កំពុងដើរធ្វើសកម្មភាពនៅ ក្នុងក្រុងតាខ្មៅខេត្តកណ្តាល។ ដោយមានការចង្អុលបង្ហាញរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញនាយដ្ឋាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួក របស់ជនសង្ស័យបាន០៣នាក់បន្ថែមទៀត។
ជនសង្ស័យទាំង៩នាក់ខាងលើ បានសារភាពដូចៗគ្នាថា ក្រុមបក្ខពួកខ្លួនបានធ្វើសកម្មភាពវាយកាប់ប្លន់ យកម៉ូតូបានចំនួន៣គ្រឿង និងឆក់ទូរស័ព្ទដៃពីជនរងគ្រោះ នៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានម៉ូតូខាងលើរួច ឈ្មោះ សុខ សំណាង បានយកទៅលក់ឲ្យជនមិនស្គាល់អត្តសញ្ញាណ នៅម្តុំឃ្លាំរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤ ជនសង្ស័យឈ្មោះ សុខ សំណាង បានចង្អុលបង្ហាញមុខសញ្ញាជនសង្ស័យទទួលទិញម៉ូតូខាងលើពីខ្លួនត្រង់ចំណុចម្តុំឃ្លាំរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ សុង សេរី ភេទប្រុស អាយុ៤៣ឆ្នាំ មានអាសយដ្ឋាន ផ្ទះជួល បន្ទប់លេខ៩ ផ្លូវលំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរជាបុគ្គលិកកុងស៊ី ឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកសាកសួរតាមនីតិវិធី។
បន្ទាប់ពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញម៉ូតូចំនួន៣គ្រឿង ពីឈ្មោះ សុខ សំណាង រួមមាន៖ ១-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ចំនួន១គ្រឿង,២-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ចំនួន១គ្រឿង ៣-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ចំនួន១គ្រឿង រួចឈ្មោះ សុង សេរី បានយកម៉ូតូខាងលើទៅរក្សាទុកនៅ ឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃាត់ខ្លួនបានមនុស្សម្នាក់ទៀតឈ្មោះ ខុន សឿន។
ដោយមានការដឹកនាំសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញធ្វើការឆែកឆេរ ទីតាំងទទួលទិញ និងបញ្ចាំងម៉ូតូឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រកឃើញម៉ូតូមិនមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់, ផ្លាកលេខ និងកាតគ្រីមួយចំនួនទៀត ដឹកយកមករក្សាទុកនៅនាយដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
គួរជម្រាបជូនថា ក្នុងករណីជនរងគ្រោះ ដែលធ្លាប់បាត់ម៉ូតូអាចកាន់ឯកសារមកធ្វើការផ្ទៀតផ្ទាត់ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល +855 92 899 919៕