រដ្ឋមន្ត្រី ឌិត ទីណា៖ សហគមន៍កសិកម្មទំនើបគឺជំរុញធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា «សហគមន៍កសិកម្មទំនើប គឺជំរុញធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ»។
ការគូសបញ្ជាក់របស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមានការកែលម្អសហគមន៍នូវចំណុចខ្វះខាតឱ្យមានភាពល្អរឹងមាំ និងបន្តអ្វីដែលជាភាពខ្លាំងរបស់ពួកគាត់ លើគ្រប់អនុវិស័យទាំងអស់ទាំងកសិកម្ម ព្រៃឈើ ជលផល សត្វ និងកៅស៊ូ ដែលអាចជួយឱ្យសហគមន៍ប្រែក្លាយរូបរាងទៅជាលក្ខណៈក្រុមហ៊ុនមួយពេញលក្ខណៈ ដោយផ្តោតសំខាន់លើគុណភាព មានទីផ្សារ មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ផ្តល់ផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
ក្នុងនាមថ្នាក់ដឹកនាំត្រូវយល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ទើបអាចពន្យល់ដល់សហគមន៍ចំគោលដៅ និងមានប្រសិទ្ធភាព។ ក្រុមការងារត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ធ្វើយ៉ាងណាឱ្យកសិករចេះធ្វើការរួមគ្នា សហការគ្នាល្អ ដើម្បីជួយឱ្យមានការវិនិយោគពិតរីកចម្រើនទាំងអស់គ្នា និងមិនមានការយល់ខុសបន្តទៀតលើរដ្ឋាភិបាល។ នេះជាការអះអាងបន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា។
ឯកឧត្តមបានបញ្ជាក់ទៀតថា យើងមិនលុបបំបាត់សហគមន៍ចាស់ទេ តែយើងធ្វើលើអ្វីដែលមានស្រាប់ ហើយប្រែក្លាយមកជាសហគមន៍កសិកម្មទំនើប ដូច្នេះត្រូវពិនិត្យ និងជំរុញឱ្យចេញជារូបរាង ដោយគិតផលសេដ្ឋកិច្ចជាធំ៕