មេអគ្គនាយកដ្ឋានពន្ធនាគារនៅកម្ពុជាជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅបន្ទប់ប្រជុំលេខ “៤២០” ទីស្តីការក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Ms. Roueida El Hage, Country Representative ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា (OHCHR) និងសហការី ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានានៅក្នុងពន្ធនាគារ។ លោកស្រី បានចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកធ្វើអោយប្រសើរឡើងលក្ខខណ្ឌការឃុំឃាំងជនជាប់ឃុំ។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើ៦ចំណុច៖ ១៖ ការដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ២៖ ការផ្ដល់ និងទទួលសេវាសុខភាពក្នុងពន្ធនាគារ។ ៣៖ ការផ្ទេរជនជាប់ឃុំទៅឃុំនៅជិតតំបន់ក្រុមគ្រួសាររបស់ពួកគាត់។ ៤៖ ការបែងចែករបបអាហារសម្រាប់ជនជាប់ឃុំដែលកាន់សាសនាម៉ូស្លីម និងទីកន្លែងសំរាប់គោរពសាសនា។ ៥៖ ការផ្ដល់សេវាផ្លូវច្បាប់នៅក្នុងពន្ធនាគារ។ ៦៖ ការកសាងប្រព័ន្ធទិន្នន័យគ្រប់គ្រងជនជាប់ឃុំ។
ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ គុណធម៌ និងមនុស្សធម៌ របស់ឯកឧត្តមអគ្គនាយកបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់មន្រ្តី និងជនជាប់ឃុំ និងមានកិច្ចសហការល្អជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងអង្គភាពពាក់ព័ន្ធនានា ទាំងអង្គភាពរដ្ឋនិងដៃគូសង្គមសុីវិលជាច្រើន ដើម្បីធានាឲ្យបានការគ្រប់គ្រងពន្ធនាគារប្រកបដោយសុវត្ថិភាព មនុស្សធម៍ និងស្របតាមគោលការណ៍សិទ្ធិមនុស្ស៕