លោក ញិល ឡុង បំភ្លឺ និងស្នើសុំលោកចាងហ្វាងសារព័ត៌មាន FIX NEWS កែតម្រូវខ្លឹមសារឡើងវិញប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន និងប្រញាប់លុបរូបភាពលោកចេញពីគេហទំព័ររបស់លោកជាបន្ទាន់

កណ្ដាល៖ លោក ញិល ឡុង បានបំភ្លឺថា ថ្មីៗនេះ បន្ទាប់ពីមានការចុះផ្សាយនៅលើគេហទំព័រសារព័ត៌មាន FIX NEWS កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ដោយមានខ្លឹមសារទាំងស្រុងថា «នោះ…ម្ចាស់ បំណុលប្រកាសឱ្យ លោក ញិល ឡុង ចូលខ្លួន ដោះស្រាយបំណុលជាបន្ទាន់…» រឿងជំពាក់លុយមិនព្រមសងហើយព្យាយាមគេចវេស ពេលនេះម្ចាស់បំណុលម្នាក់ សូមមិនបញ្ចេញឈ្មោះ សូមប្រកាសឱ្យឈ្មោះ ញិល ឡុង ភេទប្រុស អាយុ ៣៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ០១០៩៣០០៦៤ មានទីលំនៅស្ថិតនៅភូមិជ្រោយអំពិល សង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានមុខរបរជាអ្នកម៉ៅការតទឹក ចូលខ្លួនដោះស្រាយបំណុលទឹកប្រាក់ចំនួន២៥,០០០ដុល្លារអាមេរិកជាបន្ទាន់ ដែលខ្លួនបានខ្ចីកាលពីខែឧសភា ឆ្នាំ២០២៣ នឹងសន្យាថា សងត្រឡប់វិញរយះពេលតែ១ខែ រាប់ចាប់ពីថ្ងៃដែលខ្លួនបានខ្ចី ក៏ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ បុគ្គលឈ្មោះ ញិល ឡុង មិនព្រមសង ហើយព្យាយាមគេចវេស មករហូត។ ម្ចាស់បំណុលទុកពេលត្រឹម៣ថ្ងៃ រាប់ចាប់ពីប្រកាសពេលនេះទៅ បើបុគ្គលរូបនេះ មិនព្រមចូលខ្លួនដោះស្រាយបំណុលនោះទេ នឹងបន្តដាក់ពាក្យប្ដឹងទៅតុលាដើម្បីអនុវត្តតាមនិតីវិធីច្បាប់លើបទល្មើសឆបោកជាក់ជាមិនខាន។ សូមបញ្ជាក់ផងដែរថា អង្គភាពសារព័ត៌មានយើងខ្ញុំទទួលបានប្រភពនិងការស្នើសុំចុះផ្សាយអំពីការប្រកាសនេះពីម្ចាស់បំណុល ហើយមិនអាចធ្វើការទំនាក់ទំនងទៅលោក ញិល ឡុង តាមរយៈលេខទូរសព្ទបាននោះទេ និងរង់ចាំការបំភ្លឺពីគ្រប់ភាគីគ្រប់ម៉ោងធ្វើការ។ នេះបើតាមលិខិតបំភ្លឺរបស់លោក ញិល ឡុង ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក ញិល ឡុង កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៩៣០០៦៤ កើតនៅថ្ងៃទី០៩ ខែ០១ ឆ្នាំ១៩៨៨ បច្ចុប្បន្ននៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើការបំភ្លឺជូនសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម និងលោកចាងហ្វាងសារព័ត៌មាន FIX NEWS ឱ្យបានជ្រាបថា កាលពីអំឡុងឆ្នាំ២០២៣ ឈ្មោះ ឌៀង ផល្លី ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យបានសហការជាមួយខ្ញុំបាទឱ្យជួយចុះទិញដីពីប្រជាពលរដ្ឋនៅចំណុចភូមិត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយសន្យាថា អោយថ្លៃសេវា (កម្រៃជើងសារ) ក្នុង១ហិកតាចំនួន១០០ដុល្លារអារមេរិកដល់រូបខ្ញុំបាទ។ បន្ទាប់មកខ្ញុំបាទក៏យល់ព្រមដោយសារតែមនុស្សស្គាល់គ្នាជិតឌិតនិងធ្លាប់ជាដៃគូសហការរកស៊ីជាមួយគ្នារហូតមក ទើបខ្ញុំបាទនិងឈ្មោះ ឌៀង ផល្លី ពុំបានធ្វើកិច្ចសន្យាពាក់ព័ន្ធនឹងកម្រៃជើងសារទេ ដោយសំអាងថាមនុស្សរាប់អានគ្នាជិតឌិត ប៉ុន្តែខ្ញុំបាទមានសាក្សីដឹងលឺជាច្រើននាក់ទៀត។ ក៏ខ្ញុំបាទបានធ្វើការសម្រចចិត្តចុះជួយរៀបចំទិញដីពីប្រជាពលរដ្ឋរហូតទិញដីបានសរុបប្រមាណជាជិត៤០០ហិកតាស្មើនឹងថ្លៃសេវាប្រមាណជាជិត៤០,០០០ដុល្លារ ដែលខ្ញុំបាទពុំទាន់បានទទួលឬទូទាត់ប្រាក់មួយកាក់មួយសេនណាឡើយពីឈ្មោះ ឌៀង ផល្លី ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យខាងលើ។

លោកបន្តថា លោកមានសាក្សីចំនួន២នាក់ផ្សេងទៀត។នៅអំឡុងខែឧសភា ឆ្នាំ២០២៣ ខ្ញុំបាទបានខ្ចីលុយចំនួន២៥,០០០ដុល្លារអារមេរិកគត់ពីឈ្មោះ ឌៀង ផល្លី ជាម្ចាស់ក្រុមហ៊ុនដោយសំអាងថា លុយថ្លៃសេវា (កម្រៃជើងសារ) របស់ខ្ញុំបាទដែលឈ្មោះ ឌៀង ផល្លី នៅជំពាក់មិនទូទាត់មកឱ្យខ្ញុំបាទមានចំនួនជិត៤០,០០០ដុល្លារអាមេរិករហូតមកបច្ចុប្បន្ននេះ។ 

លោកបន្តទៀតថា អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម និងលោកចាងហ្វាងសារព័ត៌មាន FIX NEWS មេត្តាជ្រាបជាព័ត៌មាន។  

លោក ញិល ឡុង បានស្នើសុំលោកចាងហ្វាងសារព័ត៌មាន FIX NEWS ពិនិត្យកែតម្រូវខ្លឹមសារដែលបានចុះផ្សាយខាងលើ ឡើងវិញប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវ និងគោរពឱ្យបានតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងស្នើសុំឱ្យលោកចាងហ្វាងប្រញាប់ធ្វើការលុបរូបភាពរបស់លោកដែលយកទៅចុះផ្សាយដោយគ្មានការអនុញ្ញាតចេញពីគេហទំព័រជាបន្ទាន់៕

 

អត្ថបទដែលជាប់ទាក់ទង