កម្លាំងPMក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង០៨៖៤០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបាតព្រមទាំង ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោសដែលប្រព្រឹត្តកាលពីវេលាម៉ោង២២៖៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនោះកម្លាំងបានចាប់យកវត្ថុតាងមាន៖ កាំបិតកែច្នៃដងជ័រ ប្រវែង៣៥សង់ទីម៉ែត្រចំនួន០១ដើម។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា នៅវេលាកេីតហេតុជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ឈ្មោះ ព្រុំ ជឿន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅចំណុចខាងលេី បណ្តាលឱ្យរងរបួសត្រូវចំ ពោះ ចំនួន០១កាំបិត របួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ 

លោកវរសេនីយ៍ត្រីបានបញ្ជាក់ទៀតថា ករណីនេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង នៅវេលាម៉ោង០៨៖៤០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរចម្លេីយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចាក់ទៅលេីជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯកទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង