កម្លាំងPMខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យសហការគ្នាបង្ក្រាបបានក្រុមចោរប្លន់២នាក់ពាក់ព័ន្ធករណីប្លន់សម្លាប់ថៅកែគ្រឿងសំណង់
សៀមរាប៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាបវេលាម៉ោង២០៖០០នាទីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤បានចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីប្លន់សម្លាប់ថៅកែគ្រឿងសំណង់ នៅនៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានអាវុធហត្ថស្រុកប្រាសាទបាគងបានសហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាកាអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពីលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ជនសង្ស័យ៖ ១៖ ឈ្មោះទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខបរគ្មាន រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ និង២៖ ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញកងរាជអាវុធហត្ថបានដកហូតវត្ថុតាង៖ លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ, ទូរសព្ទ០២គ្រឿង, លោហធាតុពណ៌លឿងចិញ្ជៀន០២វងនិងម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។
បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធី។
គួរជម្រាបថា ដេប៉ូលក់គ្រឿងសំណង់មានយីហោឈ្មោះថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យត្រូវបានក្រុមចោរចូលប្លន់សម្លាប់កាលពីវេលាម៉ោង៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ៕