ក្រសួងកសិកម្ម៖ កូនត្រីគល់រាំងកម្ពុជាបានចាប់កំណើតហើយ ដោយទទួលបានជោគជ័យជាលើកដំបូង

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសឱ្យដឹងថា កូនត្រីគល់រាំងកម្ពុជាបានចាប់កំណើតហើយនាវេលាម៉ោង៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ជាមួយរូបភាពជាច្រើនសន្លឹក ក្រសួងកសិកម្មបានបញ្ជាក់ថា នេះជាលទ្ធផល លើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវ បច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំងទទួលជោគជ័យ ជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញីឈ្មោល រហូតពេញវ័យអស់រយៈពេលជិត១០ឆ្នាំ។

គប្បីជម្រាបថា ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិកម្ពុជាដែលកំពុង បង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈម នឹងការផុតពូជដែលទាមទារឱ្យមាន ការចូលរួម ការពារ និងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង។

ត្រីគល់រាំងមានឈ្មោះផ្សេងទៀតជាត្រីកាហោ ឬត្រីក្បាល ឡាន ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុង រងការគំរាម កំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរ ជាតិដើម្បីការ អភិរក្សធម្មជាតិ ហៅកាត់ IUCN (Interna tional Union for Conser vation of Nature) ហើយត្រីនេះត្រូវបាន ចុះបញ្ជីឧបសម្ព័ន្ធ១ របស់ អនុសញ្ញាសាយតេស (CITES) ផងដែរ។

ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង បីប្រភេទគឺទី១ ត្រីបបែលយក្ស ,ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង។ ត្រីគល់រាំងមានប្រវត្តិយូរលង់ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជន តាំងពីមុនសម័យអង្គរមកម្ល៉េះ ដោយសារតែនៅតាមប្រាង្គប្រាសាទបុរាណនៅខេត្តសៀមរាបយើងនេះ មានរូបចម្លាក់ជាច្រើនទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដោយភ្ជាប់ នឹងរូបត្រីជាពិសេសគឺនៅប្រាសាទបាយ័នដោយនៅតាម ជញ្ជាំងប្រាសាទផ្លែកខ្លះៗ យើងអាចមើលឃើញនូវ ចម្លាក់រូបត្រីគល់រាំងនេះ ដែលជាភស្តុតាងពីការផ្សារភ្ជាប់ត្រីនេះ ទៅនឹងជីវភាពរស់នៅរបស់ប្រជាជនយើងតាំងពីយូរលង់ណាស់មកហើយ។

ត្រីគល់រាំងគឺជាប្រភេទត្រីមានស្រកាតែមួយគត់នៅព្រះ រាជាណាចក្រកម្ពុជាយើង ដែលអាចលូតលាស់រហូតដល់ ទម្ងន់ ប្រមាណ ៣០០គីឡូក្រាម និងប្រវែងពី២ទៅ៣ម៉ែត្រ ហើយត្រីនេះអាចរស់នៅបានទាំងទន្លេនិងបឹង ហើយត្រូវ បានប្រជាជនប្រសិទ្ធនាមថា “ស្តេចបឹង” ។ ត្រីគល់រាំង ចូលចិត្តរស់នៅតំបន់អន្លង់ជ្រៅៗតាមដងទន្លេមេគង្គ បឹងទន្លេសាប ហើយតាមការសិក្សាស្រាវជ្រាវ កន្លងមកត្រីគល់រាំងពេញវ័យអាចបន្តពូជបាននៅអាយុ៧ឆ្នាំឡើង ឬអាចយូរជាងនេះ ដែលជាវដ្តជីវិតបន្តពូជមួយដ៏យូរ ដែលនេះ ហើយជាហានិភ័យនៃការឈានទៅរកការផុតពូជបាន បើពុំមានការអភិរក្ស ឬក៏ចូល រួមពីយើងទាំងអស់គ្នានោះទេ ។

ម្យ៉ាងទៀត ពិតមែនតែត្រីគល់រាំងនេះ អាចរស់នៅបាន រហូតដល់អាយុ៦០ឆ្នាំ និងអាចពងកូនម្តងរង្វង់ពី៦០ម៉ឺន ទៅ៨០ម៉ឺនកូន ប៉ុន្តែហានិភ័យនៃការប្រឈមរបស់ត្រីគល់ រាំងនៅតែខ្លាំងដដែល ដោយ សារការនេសាទខុសច្បាប់ ការជាប់មងដោយចៃដន្យ និងការ បំផ្លាញជម្រក ក៏ដូចជាជីវ ចម្រុះរបស់វា។

សូមបញ្ជាក់ថា ត្រីគល់រាំង ត្រូវបានចាត់ទុកជាមច្ឆជាតិនិមិត្ត រូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ ត្រីគល់រាំងនេះ គឺត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹក ជញ្ជូន តាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតកោដ្ឋ) មកម្ល៉េះ គឺតាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦៕

អត្ថបទដែលជាប់ទាក់ទង