ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលចួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញទទួលចួប ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាសម្តែងការគួរសម និងជម្រាបលា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូន ឯកឧត្តមឯកអគ្គរដ្ឋទូតចំពោះបេសកកម្មរយៈពេល៦ឆ្នាំនៅកម្ពុជា និងថ្លែងអំណរគុណជារួមដល់ការចូលរួមគាំទ្ររបស់រដ្ឋាភិបាលចិនក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ក្នុងការស្ដារ និងអភិវឌ្ឍន៍សង្គមកម្ពុជា។

ឯកឧត្តមបានបន្តថ្លែងអំណរគុណ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាអាទិ៍មានសមិទ្ធផលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់ស្ពានព្រែកតាមាក់ ស្ពានព្រែកក្ដាម និងគម្រោងផ្សេងៗជាច្រើនទៀតទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកផងដែរ។

ឯកឧត្តមបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មី ព្រមទាំងសង្ឃឹមនឹងបានទទួលជួបឯកឧត្តមជាថ្មីម្តងទៀតនៅប្រទេសកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ការគាំទ្រលើកិច្ចសហការនានានាពេលកន្លងមក ដូចមានសមិទ្ធផលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា ព្រមទាំងផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ជាដើម។ ទោះបីជាអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតត្រូវបានបញ្ចប់ ឯកឧត្តមក៏បានលើកឡើងថានឹងបន្តគាំទ្រកម្ពុជា ហើយសង្ឃឹមនឹងបានត្រឡប់មកកម្ពុជាវិញនាឱកាសណាមួយនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង