លុបអាជ្ញាប័ណ្ណទូកទេសចរណ៍មួយ ក្រោយដឹកសំរាមកាកសំណល់យកទៅបោះចោលនៅកណ្ដាលទន្លេ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញសម្រេចលុបអាជ្ញាប័ណ្ណបញ្ឈប់ការធ្វើអាជីវកម្មទូកទេសចរណ៍មួយមានយីហោ «កាណូតបុប្ផាអង្គរ ទេសចរណ៍» ក្រោយម្ចាស់ទូកទេសចរណ៍នេះធ្វើសកម្មភាពដឹកសំរាមកាកសំណល់ទៅបោះចោលនៅកណ្ដាលទន្លេ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងរងនូវការរិះគន់ពេញបណ្ដាញសង្គម។

ការលុបអាជ្ញាប័ណ្ណខាងលើនេះ ក្រោយអ្នកប្រើប្រាស់បណ្ដាញសង្គមបានមើលឃើញ និងថតបានអំពីសកម្មភាពរបស់ទូកទេសចរណ៍ «កាណូតបុប្ផាអង្គរ ទេសចរណ៍» ពេលកំពុងដឹកសំរាមយកទៅបោះចោលកណ្ដាលទន្លេ រួចបើកមកច្រាំងវិញ។

សកម្មភាពខាងលើនេះ អាជ្ញាធរខណ្ឌដូនពេញបានកោះហៅម្ចាស់អាជីវកម្មមកធ្វើការសួរនាំនៅរដ្ឋបាលខណ្ឌ និងបានធ្វើកំណត់ហេតុលុបអាជីវកម្ម ព្រមទាំងផាកពិន័យប្រាក់ចំនួន២០ម៉ឺនរៀល។ អាជ្ញាធរក៏បានធ្វើការអប់រំណែនាំ និងពន្យល់ដល់ម្ចាស់អាជីវកម្មឲ្យបានយល់អំពីច្បាប់បរិស្ថានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង