ឯកឧត្តម ឈន សាណាត៖ ការងារវិស័យពន្ធនាគារកម្ពុជា បានវិវត្តន៍ប្រែប្រួលពីមួយដំណាក់កាលទៅមួយដំណាក់កាល ស្របតាមការរីកចម្រើនរបស់សង្គមជាតិ

កំពង់ធំ៖ ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត បានគូសបញ្ជាក់ថា ការងារវិស័យពន្ធនាគារកម្ពុជា បានវិវត្តន៍ប្រែប្រួលពីមួយដំណាក់កាលទៅមួយដំណាក់កាល ស្របតាមការរីកចម្រើនរបស់សង្គមជាតិ កាលពីមុនឆ្នាំ២០០៣ មានកម្រិតត្រឹមតែនាយកដ្ឋានប៉ុណ្ណោះ និងបានបង្កើតជាអគ្គនាយកដ្ឋានពន្ធនាគារនៅឆ្នាំ២០០៦ ច្បាប់ពន្ធនាគារត្រូវបានបង្កើតនៅឆ្នាំ២០១១ មន្ត្រីពន្ធនាគារត្រូវបានកំណត់ឲ្យមានលក្ខន្តិកៈដោយឡែករបស់ខ្លួនតាមព្រះរាជក្រឹត្យឆ្នាំ២០១៣ ព្រម ៊ជាមួយនោះ លិខិតបទដ្ឋានគតិយុត្តនានាក៏ត្រូវបានកសាង និងធ្វើការកែសម្រួល យើងបានកសាងផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំបន្តបន្ទាប់ យើងបានអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី១ ទី២ ទី៣ និងបន្តអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី៤ (២០២៤-២០២៨)។

ការគូសបញ្ជាក់របស់ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ញឹក បានខេង អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្តកំពង់ធំ។

ឯកឧត្តមអគ្គនាយកបានធ្វើការផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ខ្លួនម្នាក់ៗ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖

១៖ ត្រូវបន្តដឹកនាំ រក្សាឲ្យបាននូវស្ថានភាពជាវិជ្ជមាន នៃការគ្រប់គ្រងអង្គភាព ដែលអតីតប្រធានពន្ធនាគារមុនបានអនុវត្ត។ រក្សាឲ្យបានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ តាមភារកិច្ចដែលបានបែងចែក និងការទទួលខុសត្រូវ ដើម្បីធានាដល់និរន្តរភាព ប្រសិទ្ធភាពការងារ។

២៖ ត្រូវពង្រឹង និងធ្វើឲ្យមានភាពសុខដុមបនីយកម្មនៅកន្លែងការងារ រក្សាសាមគ្គីភាពផ្ទៃក្នុងដោយកម្កល់ប្រយោជន៍របស់អង្គភាពជាធំ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវភាពម្ចាស់ការលើភារកិច្ចរបស់ខ្លួន។

៣៖ ពង្រឹងលើកកម្ពស់អនុវត្តច្បាប់ បន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ដែលជាមូលដ្ឋានអនុវត្ត ធានាឲ្យការងារដឹកនាំជំនាញប្រកបដោយភាពត្រឹមត្រូវ។

៤៖ ពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ចូលក្នុងពន្ធនាគារ ពិសេស សម្ភារៈបង្កហានីភ័យ គ្រឿងញៀន និងទូរស័ព្ទដៃ ដែលជាមធ្យោបាយទំនាក់ទំនងសកម្មភាពល្មើស ទាំងនៅក្នុង និងទៅខាងក្រៅពន្ធនាគារ។

៥៖ ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់តាមតួនាទី ភារកិច្ច និងតាមការ បែងចែកការទទួលខុសត្រូវ។ អនុវត្តការងារដោយមានរបបប្រជុំ របបរាយការណ៍ទៀងទាត់ ត្រួតពិនិត្យ តាមដាន វាយតម្លៃ និងតម្រង់ទិសជាប្រចាំ ដើម្បីធានាឱ្យការងារមានប្រសិទ្ធភាពខ្ពស់ ព្រមជាមួយ គោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចៈភាព និងតម្លាភាព។

៦៖ យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងនៅក្នុង បរិវេណពន្ធនាគារ ត្រូវធានាឲ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

៧៖ ត្រូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ធ្វើការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោការណ៍ ឬសេចក្តីណែនាំរបស់អគ្គនាយកដ្ឋាន ដល់មន្ត្រីក្រោមឱវាទ និងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហួរ ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី នៃខេត្តកំពង់ធំ ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ដែលត្រូវបានផ្ទេរភារកិច្ចទៅអង្គភាពផ្សេង៕

អត្ថបទដែលជាប់ទាក់ទង