មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបើកវគ្គសិក្ខាសាលាដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារលើវិស័យអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរប្រកបដោយបរិយាបន្ន និងនិរន្តរភាព

កណ្តាល៖ ឯកឧត្តមរដ្ឋលេខាធិការ ប៊ុន ច័ន្ទវណ្ណៈ តំណាងឯកឧត្តម​រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក និងការត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក» ដើម្បីពង្រឹងសមត្ថភាពលើការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិកជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសម្រាប់យកទៅអនុវត្តជាប្រយោជន៍ជូនដល់អង្គភាពដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារលើវិស័យអភិវឌ្ឍន៍នៅខេត្តកណ្តាលឱ្យកាន់តែប្រសើរប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

ប្រភពបានឲ្យដឹងថា វគ្គសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់ខាងលើនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានធ្វើកិច្ចសហការជាមួយនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទនិងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល រួមទាំងថ្នាក់ដឹកនាំ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទសរុប៥៨នាក់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ។

ប្រភពបានបន្តថា អង្គសិក្ខាសលានេះ បានធ្វើបទបង្ហាញដោយ លោក ផល សុខសំណាង និងលោក ឃុត សុផល ដែលបានផ្តោតទៅលើការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក។

ប្រភពបានបន្តទៀតថា សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមលើកឡើងជាសំណួរ និងចម្លើយឆ្លើយតបយ៉ាងផុលផុសប្រកបដោយអន្តរសកម្មរវាងអ្នកចូលរួម និងអ្នកធ្វើបទបង្ហាញ ជាលទ្ធផលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្តីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានទទួលនូវចំណេះដឹងថ្មីៗបន្ថែមទៀតលើការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក៕

អត្ថបទដែលជាប់ទាក់ទង