រដ្ឋមន្ត្រីព័ត៌មាន៖ ការយល់ដឹងពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវ ពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការយល់ដឹងអំពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវ ពិតជាមានសារៈសំខាន់សម្រាប់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាថ្នាក់ដឹកនាំ ថាតើរបៀបនៃការប្រើប្រាស់សង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវថាតើ យើងត្រូវមានការយល់ដឹងពីអ្វីខ្លះ។
ការគូសបញ្ជាក់របស់ឯកឧត្ដម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងអង្គសិក្ខាសាលាដែលក្រសួងព័ត៌មាន សហការជាមួយក្រសួងធម្មការ និងសាសនា និងស្ថាប័នមន្ត្រីសង្ឃបានរៀបចំ ស្តីពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នកសារព័ត៌មានមកពីបណ្តាអង្គភាពសារព័ត៌មានរដ្ឋ និងឯកជនប្រមាណជាង ២៥០នាក់ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គោលបំណងនៃការរៀបចំសិក្ខាសាលា របស់យើងនាពេលនេះ គឺដើម្បីតម្រង់ឆ្ពោះទៅកាន់ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនៅថ្ងៃនោះស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ព្រមទាំងសារព័ត៌មានអនឡាញមួយចំនួននឹងធ្វើការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ ក្នុងនោះវិទ្យុជាតិកម្ពុជា និងទូរ ទស្សន៍ជាតិកម្ពុជា នឹងទទួលផ្តាច់មុខលើការគ្រប់គ្រងការងារផ្សព្វផ្សាយនេះ។ ដូច្នេះ ការរៀបចំនូវសិក្ខាសា លានាថ្ងៃនេះឡើង គឺដើម្បីឱ្យការអត្ថាធិប្បាយរបស់ពិធីករ ពិធីការិនីប្រព្រឹត្តទៅដោយភាពត្រឹមត្រូវនៅក្នុងការប្រើប្រាស់ពាក្យពេជន៍ ជាពិសេសការប្រើសង្ឃសព្ទ រាជសព្ទ និងរាជសង្ឃសព្ទ ដែលជាប្រធានបទសំខាន់នៃសិក្ខាសាលារបស់យើងនាពេលនេះ ដោយក្នុងនោះ ឯកឧត្តម ឧទ្ទេសាចារ្យ សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានស្រង់នូវពាក្យគន្លឹះចំនួន ២៦ពាក្យ ដែលសុទ្ធសឹងជាពាក្យ ដែលយើងត្រូវប្រើនៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពនេះតែម្តង។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានថ្លែងថា ត្បិតភាសាខ្មែរ ជាភាសាប្រចាំជាតិ ជាមរតកដ៏មានតម្លៃដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យជាអត្តសញ្ញាណសម្តែងដល់ភាពជាខ្មែរ កូនខ្មែរគ្រប់រូបត្រូវតែយល់ឱ្យបានច្បាស់នូវសារៈសំខាន់របស់ភាសាជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា តាមការគ្រោងទុក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងព្រះរាជពិធីនោះ ប្រាកដជាមានការផ្សព្វផ្សាយច្រើនតាមរយៈវិទ្យុ ទូរទស្សន៍ និងទូរទស្សន៍អនឡាញ ដើម្បីឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសបានស្ដាប់ និងទស្សនា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញដល់ពិធីករ-ពិធីការិនី នៅក្នុងអង្គភាពសារព័ត៌មានគ្រប់អង្គភាព ត្រូវសិក្សាស្រាវជ្រាវកំណត់សម្គាល់ឱ្យបានច្បាស់អំពីគោរមងារសម្តេចព្រះមន្ត្រីសង្ឃជាន់ខ្ពស់គ្រប់ព្រះអង្គ ប្រើប្រាស់វចីភាសា និងសំណេរឱ្យបានត្រឹមត្រូវទៅតាមព្រះគោរមងារនោះ ហើយបើសិនជាការអត្ថាធិប្បាយ និងសំណេរមិនមានសង្គតិភាពគ្នាទៅនឹងព្រះគោរមងារនោះទេ ការអត្ថាធិប្បាយ និងសំណេរនោះ វានឹងជះឥទ្ធិពលមិនល្អមកលើវិជ្ជាជីវៈ និងអាជីពរបស់អ្នកសារព័ត៌មានគ្រប់គ្នា។ ផ្ទុយទៅវិញបើការអត្ថាធិប្បាយ និងសំណេរនោះ ប្រើប្រាស់សង្ឃសព្ទ និងរាជសព្ទបានត្រឹមត្រូវទៅតាមព្រះគោរមងារ ការផ្សព្វផ្សាយនោះនឹងទទួលបានផលប្រយោជន៍ច្រើន។
គួរជម្រាបថា នៅក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខានើខាងលើនេះ ឯកឧត្តមឧទ្ទេសាចារ្យ សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាអ្នកធ្វើបទបង្ហាញអំពីភាពត្រឹមត្រូវនៃការប្រើសង្ឃសព្ទ រាជសព្ទ និងរាជសង្ឃសព្ទនេះ និងដោយមានការនិមន្តចូលរួមជាវាគ្មិនពីសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា និងសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ៕