កម្លាំងប៉ូលិសមហាផ្ទៃបង្ក្រាបបានក្រុមក្មេងទំនើង៥នាក់ដែលបានរួមគ្នារំលោភក្មេងស្រីអាយុ១២ឆ្នាំម្នាក់នៅខណ្ឌបឹងកេងកង
ភ្នំពេញ៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបង្ក្រាបក្រុមក្មេងទំនើងបាន៥នាក់ដែលបានរួមគ្នារំលោភសេពសន្ថវៈលើក្មេងស្រីជនរងគ្រោះ អាយុ១២ឆ្នាំ នៅចំណុចផ្ទះជួលលេខ៣១ ផ្លូវលេខ១៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងសទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។
ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មានករណីរំលោភសេពសន្ថវៈលើក្មេងស្រីជនរងគ្រោះ អាយុ១២ឆ្នាំបង្កឡើងដោយជនសង្ស័យចំនួន៥នាក់ កើតឡើងត្រង់ចំណុចផ្ទះជួលលេខ៣១ ផ្លូវលេខ១៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីសហការ។ លុះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន។
ប្រភពបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនបាននៅចំណុច សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៖ ទី១៖ ឈ្មោះ ឈួន គីមឡេង អាយុ២១ឆ្នាំ, ទី២៖ ឈ្មោះ ខន បុរី អាយុ១៤ឆ្នាំ, ទី៣៖ ឈ្មោះ ហ៊ន វីរះយុទ្ធ អាយុ១៦ឆ្នាំ, ទី៤៖ ឈ្មោះ ខន វីរះ អាយុ១៣ឆ្នាំ ឃាត់ខ្លួនត្រង់ចំណុច ឃុំព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល, ទី៥៖ ឈ្មោះ លី គឹមលី អាយុ១៦ឆ្នាំ។
ប្រភពបន្ថែមថា ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តករណីរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕