កណ្ដាប់ដៃដែកបំបែកក្រុមក្មេងទំនើងរបស់មេPMខេត្តកណ្ដាលបង្ក្រាបបានជនសង្ស័យ៨នាក់បញ្ជូនទៅកាន់តុលាការនិងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល
កណ្ដាល៖ កណ្ដាប់ដៃដែករបស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់កម្លាំងជំនាញ និងមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុង-ស្រុកឲ្យបន្តយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់នូវរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រហូតឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន៨នាក់បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាលដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។
បើតាមប្រភពបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ និងឈរលើភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ក៏ដូចជាអនុវត្តតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដាស់តឿនក្រើនរម្លឹកជាប្រចាំ ដល់មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម ពិសេសត្រូវក្តាប់ឲ្យជាប់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវបង្ក្រាបឲ្យបានរាល់បទល្មើសដែលកើតឡើង ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។
ប្រភពបន្តទៀតថា ដោយអនុវត្តន៍តាមទិសស្លោករបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់ជំនាញ និងមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុង ស្រុក ឲ្យយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់នូវរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមន្ទីរជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើង២ក្រុមជិះម៉ូតូដេញកាប់គ្នាទៅវិញទៅមកយ៉ាងអាណាធិបតេយ្យ និងយកកាំបិត ដបកែវ ទៅកាប់ គប់បំផ្លិចបំផ្លាញរបស់ប្រជាពលរដ្ឋ កម្លាំងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានកំណត់មុខសញ្ញាក្មេងទំនើងទាំង២ក្រុមខាងលើនេះគឺជាមុខសញ្ញាចាស់ដែលតែងតែធ្វើសកម្មភាពអាណាធិបតេយ្យជិះជ្រេ បង្ហោះម៉ូតូលើដងផ្លូវ ស្រែកហ៊ោកញ្ច្រៀវ កាប់ចាក់ វាយតប់គ្នា និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ប្រភពព័ត៌មានដដែលបានឲ្យដឹងបន្ថែមថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចតូបលក់ផាក់ឡូវស្ថិតក្នុងភូមិព្រែកត្រែង ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្កឡើងដោយក្មេងទំនើងពីរក្រុម៖ *ក្រុមទី១ មានគ្នាចំនួន០៦នាក់ ភេទប្រុស ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាន១នាក់ និងបានរត់គេចខ្លួន០៥នាក់៖ ១៖ ឈ្មោះ ស៊ីណេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុខាងលើ ត្រូវបានឃាត់ខ្លួន។ ២៖ ឈ្មោះ លីន ភេទប្រុស អាយុប្រហែល ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានរត់គេចខ្លួន។ ៣៖ ឈ្មោះ លាន់ ភេទប្រុស អាយុប្រហែល២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានរត់គេចខ្លួន។ ៤៖ ឈ្មោះ ឆក ភេទប្រុស មុខរបរមិនពិតប្រាកដ បានរត់គេចខ្លួន។ ៥៖ ឈ្មោះ រុន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានរត់គេចខ្លួន។ អ្នកទាំង០៤នាក់ខាងលើនេះ មានទីលំនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ និង៦៖ ឈ្មោះ ទូច ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំពោះក្រុមទី១ មានគ្នាចំនួន៩នាក់ ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួនបាន៧នាក់ និងបានរត់គេចខ្លួន០២នាក់៖ ១៖ ឈ្មោះ ភក្ដី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកកាន់កាំបិតធ្វើសកម្មភាពផ្ទាល់ត្រូវបានឃាត់ខ្លួន និងមានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន+)។ ២៖ ឈ្មោះ ប៊ុនលាប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកចូលរួម បានឃាត់ខ្លួន និងមានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+) ដកហូតម៉ូតូម៉ាក YAMAHA គ្មានស្លាកលេខចំនួន ០១គ្រឿង អ្នកទាំង ០២នាក់ មានទីលំនៅភូមិ-ឃុំកើតហេតុជាមួយគ្នា។ ៣៖ ឈ្មោះ ធារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកចូលរួម បានឃាត់ខ្លួន និងមានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+)។ ៤៖ ឈ្មោះ ឌុលវណ្ណា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកចូលរួមបានឃាត់ខ្លួន។ ៥៖ ឈ្មោះ វិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកចូលរួមបានឃាត់ខ្លួននិងមានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន+) អ្នកទាំង ០៣នាក់មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ៦៖ ឈ្មោះ ម៉ាទី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងរថយន្ត មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ អ្នកចូលរួម បានឃាត់ខ្លួន និងមានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+)។៧៖ ឈ្មោះ ជ្រូក ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ បានឃាត់ខ្លួន។ ៨៖ ឈ្មោះ តយ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ អ្នកចូលរួមបានឃាត់ខ្លួន។ ៩-ឈ្មោះ វ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរអ្នកចូលរួមបានព្យាយាមរត់គេចខ្លួន។ អ្នកទាំង០៣នាក់មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងថា ក្រោយពីឃាត់ក្រុមក្មេងទំនើងទាំង០៧នាក់ខាងលើរួច នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបាននាំខ្លួនជនសង្ស័យឈ្មោះ ភក្តី (ហៅដូច ) និងបក្សពួក០២នាក់ទៀតទៅយកកាំបិតផ្គាក់ដែលខ្លួនបានលាក់ទុកក្រោយពីធ្វើសកម្មភាពរួច និងបន្តទៅយកកាំបិតផ្គាក់ដងខ្លី ០១ទៀតដែលជារបស់ឈ្មោះ ម៉ាទី លាក់ទុកនៅផ្ទះឈ្មោះ ជីវន្ត័ ក្រោយពីធ្វើសកម្មភាពរួច និងបានឃាត់ខ្លួនឈ្មោះ ជីវន្ត័ នៅចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន+)។ បន្ទាប់មកនាំខ្លួនជនសង្ស័យឈ្មោះ សុីណេត ទៅយកកាំបិតបុ័ងតោដងឈើ ០១ទៀត ដែលខ្លួនបានធ្វើសកម្មភាពកាប់ម៉ូតូរបស់ឈ្មោះ ភក្តី (ហៅដូច) នៅចំណុចជិតរោងចក្រជីផ្កាយ៥ ស្ថិក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ពួកក្រុមក្មេងទំនើងដែលជាជនសង្ស័យបានឆ្លើយសារភាពថា មុនដំបូងនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមទី១ មានឈ្មោះ វណ្ណា ,ឈ្មោះ វីត ,ឈ្មោះ ធី , ឈ្មោះ លីនណា ជួបជុំគ្នាផឹកសុីនៅក្រោយរោងចក្រជីផ្កាយប្រាំ រួចក៏បាននាំគ្នាជិះម៉ូតូទៅផ្ទះវិញ ពីទិសដៅពីជីផ្កាយប្រាំទៅខាងអ្នកលឿង លុះមកដល់ហាងលក់ទូរសព្ទ័មួយកន្លែង នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ក៏ជួបក្រុមក្មេងទំនើងមួយក្រុម ជាក្រុមទី២ កំពុងអង្គុយផឹកសុីជុំគ្នា ដែលមានឈ្មោះស៊ីណេត , ឈ្មោះលីន,ឈ្មោះ លាន់ ,ឈ្មោះឆក,ឈ្មោះ ទូច ពេលនោះពួកគេជាក្រុមទី១ បានរោទិ៍ម៉ូតូ និងស្រែកឡូឡាដាក់ទៅក្មេងទំនើងក្រុមទី២ ដែលកំពុងផឹកសុី រួចក៏ជិះម៉ូតូចេញទៅ។ ពេលនោះឈ្មោះ សុីណេត និងបក្ខពួកម្នាក់ទៀតបានជិះម៉ូតូទៅតាមឈ្មោះ ទូច ,ឈ្មោះ រុន ដោយបានដាក់កាំបិតបុ័ងតោទៅជាមួយផង ពេលជិះតាមទាន់ឈ្មោះ ស៊ីណេត បានស្គាល់ពីរនាក់ក្នុងចំណោមបួននាក់នោះ ហើយក៏បានជិះមូតូត្រឡប់មកវិញ ចំណែកពួកបួននាក់នោះក៏បានជិះម៉ូតូតាមមកពីក្រោយ ពេលមកដល់កន្លែងផឹកស៊ីវិញ ឈ្មោះ ស៊ីណេត បានហៅក្រុមនោះឲ្យចូលមកផឹកសុីជាមួយខ្លួន ព្រមទាំងបោះកាំបិតបុ័ងតោទៅលើតុ ហើយនិយាយទោកាន់ឈ្មោះ លីន ថាបួននាក់ហ្នឹង! មួយណាឈ្លើយកាប់មួយនឹងទៅ!
បន្ទាប់មកក្រុមក្មេងទំនើងបួននាក់នោះជិះម៉ូតូចេញបាត់ទៅ។ ហើយឈ្មោះ ស៊ីណេត ក៏បានត្រឡប់ទៅផ្ទះដែរ។ មួយសន្ទុះក្រោយមកឈ្មោះ ទូច បានទូរស័ព្ទទៅប្រាប់ឈ្មោះ សុីណេត ថា មានគេរកកាប់ខ្លួន (ទូច) លឺដូចនោះឈ្មោះ ស៊ីណេត យកកាំបិតដាក់តាមខ្លួននិងបបួលបក្ខពួកដើររកក្រុមក្មេងទំនើងម្ខាងទៀត។ ពេលជួបគូបដិបក្ខ ក្រុមរបស់ឈ្មោះ ស៊ីណេត ស្ទុះទៅដេញវាយនិងកាប់ទៅលើឈ្មោះ ភក្តី (ហៅដូច) តែឈ្មោះ ដូច បានរត់ចោលម៉ូតូទើបក្រុមឈ្មោះ សុីណេត បានកាប់បំផ្លាញម៉ូតូឈ្មោះ ភក្តី (ហៅដូច) រួចបានរត់គេចខ្លួនបាត់ទៅ។ លុះដល់យប់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងមួយក្រុមមានឈ្មោះ ភក្ដី,ឈ្មោះ ទូច ធារិទ្ធិ,ឈ្មោះ ហេង ម៉ាទី, ឈ្មោះ អាប់ឌុល វណ្ណា, ឈ្មោះ ជ្រូក,ឈ្មោះ តយ, ឈ្មោះ វ៉ាត់ បាននាំគ្នាយកកាំបិត ដំបង ដបកែវ មកកាប់ និងគប់ទៅលើតូបលក់ផាក់ឡូវរបស់ឪពុកឈ្មោះ ស៊ីណេត បណ្ដាលឲ្យខូចខាត។
ប្រភពច្បាស់ការបានឲ្យដឹងថា ករណីនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបាននាំជនសង្សយ័ទៅចាប់យកវត្ថុតាងមាន៖ កាំបិតបុង័តោ១ កាំបិតផ្គាក់២ ម៉ូតូម៉ាYAMAHA គ្មានស្លាកលេខ ចំនួន០១គ្រឿង និងទូរសព្ទ័ដៃចំនួន០៥គ្រឿង។
ប្រភពព័ត៌មានបានបន្ថែមទៀតថា បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងទាំង០៨នាក់ និងវត្ថុតាងត្រូវបានជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។ ទោះបីជាយ៉ាងណា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលនៅតែបន្តធ្វើការស្រាវជ្រាវតាមរុករកចាប់ឃាត់ខ្លួនជនសង្ស័យផ្សេងៗទៀតយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕