ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ភស្ស អញ្ជើញចូលរួមពិធីសម្ពោធខ្លោងទ្វារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន

 

ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងលោកជំទាវ សែម សម្ភស្ស នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីសម្ពោធខ្លោងទ្វារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីនាព្រឹកនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីសាសនាដ៏ផូរផង់ ដោយមានការបូជាគ្រឿងពលីការ ទៀនធូបផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងនិមន្តព្រះសង្ឃចំនួន ៧អង្គ ដើម្បីចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល។

ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង ព្រមទាំងឯកឧត្តម នាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ ក៏បានប្រគេននូវចង្ហាន់ ទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ចំពោះព្រះភិក្ខុសង្ឃទាំង ៧អង្គ ជាកិច្ចបំពេញកុសលបង្សុកូលផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី និងគណៈអធិបតីក៏បានអារាធនានិមន្តព្រះសង្ឃទាំង ៧អង្គ ស្វាធ្យាយជយន្តោ ប្រោះព្រំខ្លោងទ្វារធំ និងបើកស្បៃជ័យផ្លាកឈ្មោះក្រសួង ដែលទើបសាងសង់រួច ជាកិច្ចចម្រើនសិរីសួស្តីជ័យមង្គល សុំសេចក្តីសុខសប្បាយ និងជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ និងសប្បុរសជន ជានិច្ចនិរន្តរ៍តរៀងទៅ។

សូមបញ្ជាក់ថា ខ្លោងទ្វាខាងលើនេះ លោកជំទាវ សែម សម្ភស្ស អគ្គនាយិកា បូរីសម្បត្តិ មានហេងគ្រុបជាអ្នកឧបត្ថម្ភទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង