សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងយុគបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីសិល្បករ សិល្បការនី កាន់តែមានសារ:សំខាន់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្នុងយុគបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីសិល្បករ សិល្បការនី កាន់តែមានសារ:សំខាន់, សិល្បករមួយរូបៗសុទ្ធតែអាចជាទូតសុឆន្ទៈ តំណាងវប្បធម៌នៅលើឆាកជាតិ និង អន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះ បំផុសឱ្យកាន់តែខ្ពស់ឡើង នូវអត្តសញ្ញាណជាតិ, ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។
ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នងឳកាសសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»។
សម្តេចធិបតីបានរំលឹកដល់សិល្បករត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត, ការបង្កើតមាតិកា និងការសម្តែងទាំងឡាយ ដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ បំពុលសង្គម ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា។
សម្តេចស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការបញ្ចូលសារអប់រំ និងសារលើក ស្ទួយសីលធម៌សង្គម តម្លៃគ្រួសារខ្មែរ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌, មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែល សម្រាប់ជនជំនាន់ក្រោយ។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា សិល្បករបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សុខដុមនីយកម្មសង្គម តាមរយៈសកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌។សម្តេចបន្តថា សិល្បករគ្រប់ទម្រង់មានតួនាទីគន្លឹះ ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់ បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។
គួរជម្រាបថា កម្មវិធីជួបជុំទ្រង់ទ្រាយធំ និងមហោឡារិកនេះ រៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការអញ្ជើញចូលរួមពីសិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកជំនួញ សរុបជិត ៣០០០នាក់។ កម្មវិធីជួបជុំនេះ កើតមានឡើងបន្ទាប់ពីសមាគមទើបនឹងបោះឆ្នោតឆ្នោតជ្រើសតាំងអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ៕