កម្លាំងប៉ូលិសខេត្តកណ្ដាលបង្ក្រាបបានក្រុមចោរប្លន់ជាជនជាតិវៀតណាម២នាក់ក្នុងចំណោមបក្សពួក៤នាក់ នៅស្រុកកណ្ដាលស្ទឹង

កណ្ដាល៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានបង្ក្រាបក្រុមចោរប្លន់ជាជនជាតិវៀតណាមបាន២នាក់ ក្នុងចំណោមបក្សពួក៤នាក់ ពាក់ព័ន្ធករណីប្លន់រថយន្តពីប្រជាពលរដ្ឋខ្មែរកាលពីវេលា​ម៉ោង ១៨៖៣០នាទី​ ថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ​២០២៤ នៅចំណុចភូមិ​ត្រពាំងវែង ឃុំ​ ត្រពាំងវែងស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

ប្រភពបានឲ្យដឹងថា ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៤នាក់៖ ទី១៖ ឈ្មោះ Nguyễn Thont Đồng ភេទប្រុស អាយុ​២៣ឆ្នាំ ជនជាតិវៀតណាម និងទី២៖ ឈ្មោះ Li Jun Wei ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន។ ខណៈជនសង្ស័យ​២នាក់ទៀតបានរត់គេចខ្លួន​និងមិន​ស្គាល់​អត្តសញ្ញាណ។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះ យុង សុផាត ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរកា សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានមុខរបររត់ឡានឈ្នួល។

បើតាមប្រភពបានឱ្យដឹងទៀតថា កាលថ្ងៃ​ទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ វេលាម៉ោង​០៨៖០០នាទី​ ជនរងគ្រោះ​បានបើក​រថយន្តចេញ​ពី​ផ្ទះ​របស់ខ្លួន ​យក​​ទៅ​ធ្វើ​នៅភ្នំពេញ​ និង​ទៅរក​ដឹកភ្ញៀវនៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ​។ រហូត​ម៉ោង​១០៖០០នាទី​ ក្រុម​អ្នក​រត់​តាក់ស៊ីដូច​គ្នាបាន​នាំគ្នា​លេ​ង​ក្នុង​គ្រុប​ឆាត​ថា មាន​ជនជាតិ​ចិនរក​ជួល​រថយន្ត ​ពេលនោះ​ជនរងគ្រោះ​បាន​ឆាត​ទៅ​ជនជាតិ​ចិន​ខាង​លើ រួច​ជនជាតិ​ចិន​បានដាក់​ទីតាំង​ឱ្យជនរងគ្រោះ​ទៅជួបម្តុំ​ស្ពាន​អាកាស​ផ្សារ​ដីហុយ​។ លុះពេល​ទៅដល់ ​ជនរងគ្រោះ​បាន​ជួប​ជនជាតិ​ចិន ហើយ​ជនរងគ្រោះ ​បាន​សួរ​ជន​ជាតិ​ចិនតាម​រយៈ​ទូរស័ព្ទ​បកប្រែ​ភាសា​ថា ចង់​ទៅ​ណា​ ហើយ​ជនជាតិ​ចិន​បាន​តបវិញ​ថា ទៅច្រកព្រំដែន​ព្រែកចាក (ទៅវិញទៅមក) រួច​ជនរងគ្រោះ​បាន​ទារថ្លៃដឹកទៅវិញ​ទៅ​មក​ក្នុង​តម្លៃ​១៩០ដុល្លារ។ 

ប្រភពបន្តថា ខណៈនោះជនជាតិចិន​​បាន​តថ្លៃ​មកត្រឹម១៤០​ដុល្លារ​ ហើយ​ជនរងគ្រោះ​បាន​យល់ព្រម រួចក៏​ដឹក​ជនជាតិ​ចិន​នោះ ​ទៅច្រក​ព្រំដែន​ព្រែកចាក​។ ពេល​ទៅដល់ ជន​ជាតិ​ចិន​ខាងលើ​បាន​ជួបនារី​ជន​ជាតិ​ចិន​ដូចគ្នា។ ដោយឡែក​ជនរងគ្រោះ​ បានអង្គុយចាំនៅរថយន្ត។ ពេល​ហូប​បាយ​រួចជន​ជាតិ​ចិន​បាន​នាំគ្នាដើរ​ចូល​កន្លែង​អនឡាញ​នៅ​ទី​នោះបាត់​ប្រហែល​មួយម៉ោងទើប​ជន​ជាតិ​ចិនដើរ​ចេញមក ​និង​នាំ​ជនជាតិ​វៀតណាម៣នាក់ទៀត មក​ជាមួយតែ​ពុំឃើញជន​ជាតិ​ចិន​ស្រីនោះចេញមកទេ​។ ពេល​នោះ​ជនរងគ្រោះ ​បាន​បើក​រថយន្ត​ដឹក​ជនជាតិ​ចិន​ និង​ជនជាតិ​វៀតណាម៣​នាក់​ទៀត ​ត្រឡប់​មក​ភ្នំពេញ​វិញ ​ដោយ​បើក​រថយន្ត​តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​។ លុះដល់​ចំណុច​កើតហេតុ​ ​ជន​ជាតិ​វៀតណាមទាំង​៣នាក់ បាន​ព្រួត​គ្នា​វាយ​ជន​ជាតិ​ចិន​តែម្តង​។

ឃើញ​ដូចនោះ​ ជនរងគ្រោះ​ភ័យ​បានអែប​រថយន្ត​ចូល​គៀន ហើយរត់ចុះ​ពី​​រថយន្ត​តែ​ពុំ​ពន្លត់​ម៉ាស៊ីន​ទេ​ ហើយ​ជនរងគ្រោះ​បាន​ដើរចូល​ទៅ​ពន្លត់​ម៉ាស៊ីន​រថយន្ត​វិញ ក៏ត្រូវ​​ជន​ជាតិវៀត​ណាមចាប់ដៃ​ និង​បាន​ដណ្ដើម​សោរថយន្តពីចង្កេះខោរបស់ជនរងគ្រោះ រួច​បើក​រថយន្ត​គេច​ខ្លួន រហូត​ដល់​ចំណុច​ឃុំ​គរគីធំ​ ស្រុក​កៀនស្វាយ​ ទើបកម្លាំង​នគរបាល​ស្រុក​កៀនស្វាយ​ ​ឃាត់បាន​ចំនួន​ពីរ​នាក់​ ចំណែក​ជនជាតិ​វៀតណាម​២​នាក់​ទៀត ​ចុះពីលើ​រថយន្ត​រួច​គេចខ្លួន​បាត់។​ ​

ប្រភពបន្តថា ជនសង្ស័យ​ទាំង​២នាក់ ​ត្រូវ​បាន​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ​ប្រគល់​ជូន​កម្លាំង​ផ្នែក​ជំនាញ​ស្រុក​កណ្ដាល​ស្ទឹង ​ដើម្បី​ធ្វើការសាកសួរ​។ ក្រោយ​ធ្វើ​ការ​សាកសួរ​រួច ​ជនសង្ស័យ​ជនជាតិ​ចិន​ បាន​ឆ្លើយ​សារភាពថា​ ខ្លួនត្រូវ​បាន​មិត្ត​ភ័ក្តិ​ម្នាក់​ទៀតឈ្មោះ​ Zhu bao ឱ្យទៅ​ទទួល​ភ្ញៀវ​ជនជាតិ​វៀតណាម៣​នាក់​ខាងលើ​ ពីច្រកព្រំដែនព្រែក​ចាក​ ដើម្បី​ទៅធ្វើ​ការ​នៅ​ច្រកព្រំដែន​ជ្រៃធំ។

ដោយឡែក​ជនជាតិ​វៀតណាម បាន​ឆ្លើយ​សារភាពថា ​ខ្លួនត្រូវ​បាន​ជនជាតិ​ចិនលោះខ្លួន ​ចេញ​ពី​កន្លែង​អនឡាញ​មួយ​កន្លែង​នៅ​ម្តុំ​ច្រកព្រំ​ដែន​ព្រែក​ចាក ដើម្បី​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ ពេល​ជិះ​រថយន្ត​ដល់​ចំណុច​កើតហេតុ​ខាងលើ​បក្ខពួក​ខ្លួន​០២​នាក់​ទៀត ​បាន​វាយ​មកលើ​ជនជាតិ​ចិន​ និង​បាន​គំរាម​ឱ្យជូន​ខ្លួន​ និង​បក្ខពួក​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ ទើបវាយជនរងគ្រោះដណ្តើមសោបើកគេចខ្លួន។

ពាក់ព័ន្ធករណីខាងលើនេះ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបានថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក អ៊ុំ សុភក្ដិ  បានសម្រេចចោទប្រកាន់ជនបរទេសចំនួន២នាក់ ករណីប្លន់រថយន្តពីជនជាតិខ្មែរនៅស្រុកកណ្ដាលស្ទឹង។ ក្នុងសំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រម ស៊ើបសួររួចរាល់ហើយ ក្រោមបទ «លួចមានស្ថានទម្ងន់» តាមបញ្ញត្តិមាត្រា ៣៥៧ ក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង