លោកជំទាវ ស្រូយ សុជាតិ៖ ដើម្បីរួមចំណែកកសាងកម្លាំងបន្តវេនឱ្យទទួលបានធនធានយុវជនប្រកបដោយសក្ដានុពល ការបោះជំរុំ គឺជាថ្នាក់សិក្សា និងធាតុចូលយ៉ាងសំខាន់ សម្រាប់ប្រមូលផ្ដុំយុវជន
កណ្ដាល៖ លោកជំទាវ ស្រូយ សុជាតិ បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកកសាងកម្លាំងបន្តវេនឱ្យទទួលបានធនធានយុវជនប្រកបដោយសក្ដានុពល ជាការពិតណាស់ “ការបោះជំរុំ” គឺជាថ្នាក់សិក្សា (សាលារៀនចល័ត) និងធាតុចូលយ៉ាងសំខាន់ សម្រាប់ប្រមូលផ្ដុំ យុវជន ដើម្បីធ្វើសកម្មភាពបណ្ដុះបណ្ដាលរួមគ្នា និងអភិវឌ្ឍសមត្ថភាព តាមរយៈកម្មវិធីអប់រំដោយអនុវត្តជាក់ស្តែង និងកម្មវិធីយុវជន ដែលជាវិធីសាស្ត្រអប់រំ និងបណ្ដុះបណ្ដាល យុវជនឱ្យក្លាយជាធនធានដ៏មានតម្លៃនៅក្នុងសង្គមយ៉ាងមានប្រសិទ្ធភាព យោងតាមប្រធានបទ យុវជន និងការចូលរួមអភិវឌ្ឍន៍សន្តិភាព។
ការគូសបញ្ជាក់របស់លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដា្ឋនយុវជន ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងពិធីបិទការបោះជំរំយុវជនបញ្ចកោណថ្នាក់ខេត្ត ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនបញ្ចកោណ លើកស្ទួយ សន្តិភាព និងការអភិវឌ្ឍ» នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក ចេង សំអុល ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តកណ្ដាល រួមទាំងលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។
លោកជំទាវអគ្គនាយកបន្តថា ការបោះជំរំគឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្ដុះបណ្តាល អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនឱ្យមានភាពពេញលេញ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិន ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។
លោកជំទាវបន្តថា ការអភិវឌ្ឍជាតិមាតុភូមិ និងរក្សាបាននូវនិរន្តរភាព នៃការរីកចម្រើនក្នុងសង្គមជាតិ ពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមពីកម្លាំងមហាជន និងប្រជាជន ពិសេសកម្លាំងយុវជន ដែលជាកម្លាំង ចលករមិនអាចខ្វះបាន និងជាកម្លាំងបន្តវេន ហើយជាកម្លាំងមូលដ្ឋានគ្រឹះ នៃការប្រែប្រួលការរីកចម្រើន សេដ្ឋកិច្ច និងសង្គមជាតិ។
លោកជំទាវបន្ថែមថា សន្តិភាពគឺ ជាគ្រឹះនៃការអភិវឌ្ឍន៍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរ អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ មានសន្តិភាពទើបអាចនិយាយបានអំពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអប់រំ ការអភិវឌ្ឍន៍វិស័យសុខាភិបាល និងការកម្សាន្តសប្បាយនានា។ ទាល់តែមានសន្តិភាពទើបអាចនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀតបាន។
លោកជំទាវ ស្រូយ សុជាតិ មានជំនឿយ៉ាងមុតមាំថា ការបោះជំរំយុវជនបញ្ចកោណថ្នាក់ខេត្ត ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនបញ្ចកោណ លើកស្ទួយ សន្តិភាព និងការអភិវឌ្ឍ» នាពេលនេះ គឺជាថ្នាលបណ្តុះបណ្តាលយ៉ាងពិតប្រាកដ និងបានផ្ដល់ឱកាសសម្រាប់ក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្ដូរ ចែករំលែកគ្នាទៅវិញទៅមក រួមចំណែកអភិវឌ្ឍ បំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែរីកចម្រើនឡើង ខិតខំធ្វើឱ្យខ្លួនមានសេចក្តីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង៕