ស្ត្រីទី១នៃកម្ពុជា៖ ក្នុងនាមជាពលរដ្ឋខ្មែរ ដើម្បីរួមគ្នាបង្កើតជាស្មារតីជាតិនិយមគាំទ្រកសិផលខ្មែរ ជាប្រចាំខ្មែរជួយខ្មែរការប្រើប្រាស់កសិផលខ្មែរ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាដែលជាអ្នកទទួលទាន និងអ្នកដែលមានតម្រូវការត្រូវបន្តនិងគាំទ្រផលិតផលខ្មែរ និងគ្រប់កាលៈទេសៈដែលអាចអនុវត្តបាន ក្នុងនាមជាពលរដ្ឋខ្មែរ ដើម្បីរួមគ្នាបង្កើតជាស្មារតីជាតិនិយមគាំទ្រកសិផលខ្មែរ ជាប្រចាំខ្មែរជួយខ្មែរការប្រើប្រាស់កសិផលខ្មែរ។ ទាំងនៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើងផង និងនៅពេលរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍និងកម្មវិធីផ្សេងៗទៀត។

ការថ្លែងសង្កត់ធ្ងន់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកពិព័រណ៍ «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផលខ្មែរ» ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅផ្សារទំនើប ជីបម៉ុង២៧១ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិតស្ត្រីទី១កម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់​ រួមគ្នាបង្កើតជាស្មារតីជាតិនិយមគាំទ្រកសិផលខ្មែរ។ លោកជំទាវបណ្ឌិតក៏សូមអំពាវនាវលើកទឹកចិត្តដល់ក្រុមហ៊ុនផ្ដល់សេវាកម្មអាហារដទៃទៀត ព្រមទាំងសមាគមន៍ចុងភៅ សមាគមទេសចរណ៍ និងភោជនីយដ្ឋាននានា សូមចូលរួមកាន់តែច្រើនថែមទៀតក្នុងចលនានេះ ដោយចាប់ដៃគូសហការ ផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍សហការនានា។

លោកជំទាវ ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា ក្រុមហ៊ុនឯកជន ភោជនីយដ្ឋាន និងសណ្ឋាគារ ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ផលិតផលខ្មែរ និងកសិផលរបស់ខ្មែរ និងបានថ្លែងបន្តថា ការលើកទឹកចិត្ត និងការជំរុញគាំទ្រការប្រើប្រាស់កសិផលខ្មែរ ដែលជាបន្លែផ្លែឈើត្រីសាច់នេះ គឺមិនអាចធ្វើបានទេ ប្រសិនបើគ្មានការចូលរួមពីវិស័យឯកជន ក្នុងនោះមានវិស័យឯកជនម្ហូបការ ភោជនីយដ្ឋាន សមាគមចុងភៅ សហគមន៍ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតជាដើម។ លោកជំទាវបានបន្ដថា ក្រុមហ៊ុនម្ហូបខ្មែរ ភោជនីយដ្ឋានទាំងអស់ បើកជាលក្ខណៈធំក្ដីតូចក្ដី សូម្បីតែអ្នកលក់ម្ហូបនៅតាមចិញ្ចើមថ្នល់ ឬអ្នកលក់នៅតាមអនឡាញ ក៏ដើរតួយ៉ាងសំខាន់ដែរក្នុងការជួយគាំទ្រក្នុងការប្រើប្រាស់កសិផលខ្មែរ។

លោកជំទាវបណ្ឌិតបានលើកឡើងថា បងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ដែលជាអ្នកផលិត និងបង្កើនការយកចិត្តទុកដាក់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព គុណភាព សុវត្ថិភាព និងបន្តកសាងពង្រឹងទំនុកចិត្តទៅវិញទៅមក។

លោកជំទាវក៏សូមលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីតាំងពិព័រណ៍នេះ ជារៀងរាល់ឆ្នាំ ដើម្បីបន្តពួនជ្រុំស្មារតីជាតិនិយមគាំទ្រកសិផលខ្មែរ ប្រកបដោយមោទនភាពជាតិ។

លោកជំទាវបណ្ឌិតបានលើកទឹកចិត្តឱ្យក្រសួងកសិកម្ម បង្កើនការផ្សព្វផ្សាយ និងការគាំទ្រប្រជាកសិករ សហគមន៍កសិកម្មក្នុងការអនុវត្តកសិកម្មល្អ ការចិញ្ចឹមសត្វល្អ ការធ្វើវារីវប្បកម្មល្អ ដើម្បីធានានៅការផ្គត់ផ្គង់កសិផលខ្មែរ បន្លែត្រីសាច់ឆ្លើយតបទៅនឹងតម្រូវការផ្នែកបរិមាណគុណភាពសុវត្ថិភាព និងតម្លៃ៕

អត្ថបទដែលជាប់ទាក់ទង