សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៣ចំណុច ដើម្បីលើកកម្ពស់ភាពជាដៃគូ ក្នុងការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព

ភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពូរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំជំនួបពិភាក្សាប្រចាំឆ្នាំលើកទី៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃការថ្លែងសន្ទរកថាបិទកិច្ចពិភាក្សានេះ សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអង្គការសហប្រជាជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូក្នុងការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្តេចធិបតី បានផ្តល់អនុសាសន៍លើការងារអាទិភាព រួមមាន៖

*ទី១៖ បញ្ចប់ការរៀបចំបង្កើតគណៈកម្មាធិការដឹកនាំការងារ (Joint Steering Committee) ឱ្យបានឆាប់ ដែលនេះជាយន្តការសម្រាប់ពិនិត្យការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព, ផ្តល់ទិសដៅជាយុទ្ធសាស្រ្ត និងផ្តល់កិច្ចសម្របសម្រួលរវាងរាជរដ្ឋាភិបាលជាមួយភាគីពាក់ព័ន្ធទាំងអស់ ដែលមានអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិ ជាសហប្រធាន។

*ទី២៖ អនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការការងាររួម (Joint Work Plan) របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលជាឧបករណ៍សម្រាប់ធានាឱ្យមានកិច្ចសហការគ្នា ក្នុងការអនុវត្តសកម្មភាពរវាងបណ្តាភ្នាក់ងារនៃប្រព័ន្ធ អង្គការសហប្រជាជាតិ ក៏ដូចជាលើកកម្ពស់គណនេយ្យភាពចំពោះលទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍ (Accountability for Development Results) បន្ទាប់ពីផែនការការងាររួមនេះត្រូវបានអនុម័តដោយគណៈកម្មាធិការដឹកនាំការងារ។

*ទី៣៖ ពិភាក្សាយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីរៀបចំគម្រោង ឬកម្មវិធីក្នុងគោលដៅឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ក្រសួង និងស្ថាប័ន ក៏ដូចជាធានាសង្គតិភាពជាមួយវិស័យអាទិភាពដែលបានកំណត់ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨, និងរៀបចំបញ្ចប់ក្របខ័ណ្ឌហិរញ្ញប្បទានពហុឆ្នាំ (Multi-year Funding Framework) និងរួមគ្នាកៀរគរហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ដទៃទៀត សម្រាប់បន្ថែមដើម្បីបំពេញឱ្យធនធានផ្ទាល់របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងគោលដៅធានាឱ្យមានធនធានគ្រប់គ្រាន់សម្រាប់អនុវត្តសកម្មភាពទាំងអស់៕ ដោយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង