ស៊ូនឹងកម្លាំងប៉ូលិសលែងបាន មុខសញ្ញាជួញដូរគ្រឿងញៀន បានបាញ់សម្លាប់ខ្លួនឯង
ភ្នំពេញ៖ ដោយសារកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឡោមព័ទ្ធមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ និងធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធ តាំងពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ទើបមុខសញ្ញាស៊ូលែងជាប់ក៏បានបាញ់សម្លាប់ខ្លួនឯងតែម្ដង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅមុននេះ។
ប្រភពបន្តថា ខណៈពេលកម្លាំងសមត្ថកិច្ចកំពុងសម្រុកចូលទៅបង្ក្រាប ស្រាប់តែក្រុមជនល្មើសបានបើកការបាញ់រះប្រមាណ១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ចទាំងកម្រោល តែមិនមានអ្នករងរបួសឡើយ។ ប៉ុន្តែកម្លាំងជំនាញមិនបានបាញ់តបតវិញនោះទេ។
ប្រភពបន្តទៀត ប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំសហការជាមួយកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន នៅក្នុងខណ្ឌឬស្សីកែវ ក្រោមការបញ្ជាជាប់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ប្រភពបានបញ្ជាក់ថា មុខសញ្ញាខាងលើនេះធ្លាប់ជាប់ពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួនពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធ។ មុខសញ្ញានេះ ត្រូវបានកម្លាំងនគរបាលជំនាញរបស់មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ធ្វើការតាមដានយូរណាស់មកហើយ រហូតធ្វើការបង្ក្រាបនៅពេលនេះតែម្តង។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះ មិនបណ្តាលឲ្យមន្រ្តីនគរបាល និងពលរដ្ឋរងរបួស ឬរងគ្រោះថ្នាក់នោះទេ៕