ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ចង់ឲ្យមូលដ្ឋានស្រុករុក្ខគិរី និងស្រុកមោងឫស្សីនៃខេត្តបាត់ដំបងបង្កើនសកម្មភាពអនុវត្ត២មុខព្រួញបន្ថែម
បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ឯកឧត្តម កើត រិទ្ធ បានណែនាំឱ្យសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករុក្ខគិរី និងស្រុកមោងឫស្សី នៃខេត្តបាត់ដំបងដែលទើបតែងតាំង ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើសកម្មភាពបន្ថែមចំនួន២គឺ លុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ និងចាត់វិធានការជាបន្ទាន់ និងម៉ឺងម៉ាត់បំផុតចំពោះករណីក្មេងទំនើង ដែលបាននិងកំពុងបង្កភាពភិតភ័យដល់ប្រជាពលរដ្ឋ និងអសន្តិសុខក្នុងសង្គម ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ក៏បានផ្តាំផ្ញើ និងណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទាំង២ នូវចំណុចមួយចំនួន បន្ថែមទៀត៖
១៖ ត្រូវរួមគ្នាបន្តការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ឯករាជ្យ, អធិបតេយ្យជាតិ និងបូរណភាពទឹកដី រួមទាំង ការចូលរួមទប់ស្កាត់នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
២៖ ត្រូវជួយតម្រង់ទិស គាំទ្រ និង ជំរុញការលើកកម្ពស់សមត្ថភាពអាជ្ញាធរនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីនយោបាយ និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
៣៖ ការអភិវឌ្ឍនៅមូលដ្ឋាន, ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និង ការឆ្លើយតបដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព។
៤៖ ត្រូវបម្រើប្រជាជននៅមូលដ្ឋានឱ្យបានល្អប្រសើរ ទាំងលើការបម្រើសេវាសាធារណៈ ទាំងលើការអភិវឌ្ឍនៅមូលដ្ឋានលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
៥៖ត្រូវខិតខំកៀរគរធនធាន មធ្យោបាយ និង សម្ភារៈពីគ្រប់ប្រភព ក៏ដូចជា ការទាក់ទាញការវិនិយោគនានាមកកាន់មូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និង ជួយដល់ការអភិវឌ្ឍមូលដ្ឋាន៕