សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែ ទម្រង់ រដ្ឋបាល សាធារណៈ។
គណៈកម្មាធិការជាតិកំណែ ទម្រង់ រដ្ឋបាល សាធារណៈ ត្រូវបានបង្កើតឡើងដើម្បីដឹកនាំ និងសម្រប សម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ គណៈកម្មាធិការជាតិកំណែ ទម្រង់ រដ្ឋបាលសាធារណៈ មានតួនាទីដឹកនាំ គាំទ្រ និងសម្របសម្រួល ការអនុវត្តការ ងារ កែទម្រង់ រដ្ឋបាលសាធារណៈ, រៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាល សាធារណៈផ្អែកលើគោល នយោ បាយរបស់រាជរដ្ឋាភិបាល, គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ទម្រង់ដទៃ ទៀតរបស់រាជរដ្ឋាភិបាល កម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ដទៃទៀត របស់រាជរដ្ឋាភិបាល, លើកសំណើជូនរាជរដ្ឋាភិបាលអនុម័តលើ គោលនយោបាយ កម្មវិធីយុទ្ធ សាស្ត្រ និងផែនការ សកម្មភាពបម្រើឱ្យការកែទម្រង់រដ្ឋបាលសាធារណៈ, លើកសំណើជូនរាជ រដ្ឋាភិបាល ក្នុងការរៀបចំក្របខណ្ឌគតិយុត្ត សម្រាប់ការគាំទ្រដល់ការកែទម្រង់រដ្ឋបាល សាធារណៈ, សម្របសម្រួល និងផ្ដល់ជំនួយបច្ចេកទេសដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួម អនុវត្ត កម្មវិធី ជាតិកែទម្រង់រដ្ឋបាលសាធារណៈ, ពិនិត្យ និងអនុម័តសូចនាករសមិទ្ធកម្មគន្លឹះ និងដឹកនាំការងារត្រួតពិនិត្យ ការតាមដាន និងការវាយ តម្លៃការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ, ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការ ងារកែទម្រង់រដ្ឋបាលសាធារណៈជូនរាជរដ្ឋាភិបាល និងជំរុញការផ្សព្វផ្សាយសមិទ្ធផលនៃការងារ កែទម្រង់រដ្ឋបាលសាធារណៈ។ គណៈកម្មាធិការនេះ ក៏មានតួនាទីសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាល សាធារណៈ និងបំពេញការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្តេចធិបតីបានដាក់ចេញវិធានការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាកិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះសម្តេចធិបតី បានសម្រេចបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឬ គ.វ.រ. ផងដែរ។
ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមូលដ្ឋាន ដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌនៃការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ច កោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយប ម្រើ ជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)៕