ឧបនាយករដ្ឋមន្ដ្រី ស សុខា ដកហូតមុខតំណែងនាយនគរបាលចំនួន៤រូប
ភ្នំពេញ៖ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែងនាយនគរបាល ចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមប្រភពដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។
នៅក្នុងសេចក្ដីសម្រេចថា មន្ដ្រីនគរបាលដែលត្រូវដកហូតមុខតំណែងឲ្យមកជាមន្ដ្រីនោះរួមមាន ៣នាក់ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងម្នាក់ជានាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពបញ្ជាក់ថា មូលហេតុនៃការដកហូតមុខតំណែងនេះ ត្រូវបានឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាក់ថា ដោយសារមន្ដ្រីនគរបាលទាំង៤នាក់នេះ «ល្មើសបទវិន័យនគរបាលជាតិកម្ពុជា»៕