ប្រទះឃេីញគ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ ត្រង់ចំណុចបរិវេណសាលាដំបូងខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែ មិថុនា ឆ្នាំ២០២៤នេះ តាមសេចក្ដីរាយការណ៍ពីមន្ត្រីសាលាដំបូងខេត្តព្រៃវែងមកថា បានប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាម រាប់ពាន់គ្រាប់ត្រង់ចំណុចបរិវេណអង្គភាពសាលាដំបូងខេត្តព្រៃវែង ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយមន្ត្រីបច្ចេកទេស នៃអង្គការកំម្ចាត់មីន ( Halo Trust កម្ពុជា) កម្លាំងការិយាល័យជំនាញបានចុះត្រួតពិនិត្យនិងសហការរុករកសំណល់ជាតិផ្ទុះដែលបានសេសសល់ពីសម័យសង្គ្រាម។
គួរបញ្ជាក់ថា គ្រាប់ដែលសេសសល់ពីសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង ដែលមានគ្រាប់សរុបចំនួន ៦៥១០គ្រាប់ ដែលមានប្រភេទគ្រាប់ Ak47 ចំនួន ៧៥០គ្រាប់-ប្រភេទគ្រាប់ AR15 ចំនួន១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK មានចំនួន៤១០០គ្រាប់៕