មនុស្សជាច្រើននាក់បានកំពុងនាំគ្នាចូលលេងហ្គេមបាញ់ត្រីនៅក្នុងផ្សារសូរិយាជាន់ទី៥ ទឹកដីខណ្ឌដូនពេញ

 

ភ្នំពេញ៖ មនុស្សជាច្រើននាក់បាននាំគ្នាចូលលេងល្បែងស៊ីសងប្រភេទ «ហ្គេមបាញ់ត្រី» នៅក្នុងផ្សារសូរិយាជាន់ទី៥ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

ប្រភពបានបន្តថា ទីតាំងខាងលើបានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីបណ្ដាយុវជន យុវនារីខ្មែរនិងជនជាតិចិនយ៉ាងគគ្រឹកគគ្រេង។

ប្រភពបានឲ្យដឹងទៀតថា មេការនៅទីនោះ មានការប្រយ័ត្នប្រយែង ចំពោះមនុស្សថ្មីៗ ខណៈចង់ចូលទៅលេងនៅទីនោះជាខ្លាំង។ ប្រភពបន្តថា ចំពោះជនប្លែកមុខគឺមិនត្រូវបានអនុញ្ញាតឲ្យចូលលេងឡើយ។  អ្នកចង់ទៅលេង ទាល់តែមានអ្នកធ្លាប់ស្គាល់បបួល ឬណែនាំទៅទើបអាចចូលលេងបាន។ ប្រសិនបើអ្នកមិន ធ្លាប់ ឬមិនស្គាល់ហើយប្រាថ្នាចង់ទៅលេងនៅទីតាំងខាងល់នោះ គឺពិតជាមិនអាចចូលលេងបានស្រួលៗនោះឡើយ។ មិនមែនឲ្យតែចង់ទៅលេង គឺបានដូចចិត្តនោះទេ។ គេថា សូម្បីតែអ្នកដើរកាត់មុខច្រកចូល ទៅបន្ទប់លេងហ្គេមនោះ ក៏តឹងតែងដែរ។

ប្រភពបានបន្តទៀតថា ការរឹតបន្តឹងចំពោះជនប្លែកមុខ គឺគេមិនចង់ឲ្យមានការបែកធ្លាយអំពីព័ត៌មានពីទីតាំងហ្គេមបាញ់ត្រីនៅក្នុងផ្សារនោះទេ។ គេបានរៀបចំយ៉ាងម៉ត់ចត់ អំពីបញ្ហាសុវត្ថិភាពសម្រាប់អ្នកទៅលេងដោយមិនឲ្យមានអ្នកលួចថតអ្វីនោះទេ។

ប្រភពបន្ថែមទៀតថា ល្បែងហ្គេមបាញ់ត្រី ដែលលាយឡំដោយល្បែងស៊ីសងតាមអ៊ីនធឺណិតផ្សេងទៀត ត្រូវបានដំណើរការយ៉ាង ហោចណាស់២កន្លែងមានក្នុងនិងក្រៅនៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញនេះ។

ប្រភពបន្តថា នៅក្នុងទីតាំងខាងលើនោះ មានមនុស្សច្រើនកកកុញដែលស្ទើររកកន្លែងឈរគ្មាន ប្រដេញគ្នាលេងល្បែងស៊ីសង។

ទាក់ទិនករណីខាងលើនេះ សូមសំនូមពរលោកចៅហ្វាយរាជធានីភ្នំពេញ លោកស្នងការ លោកចៅហ្វាយខណ្ឌដូនពេញជួយចុះពិនិត្យមើលនិងបង្ក្រាបឲ្យបានផង ក្នុងករណីពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង