ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី៦ នេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ ហើយជាលទ្ធផល៖

ទី១៖ សម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៨៦ រូប ក្នុងនោះស្រ្តី ១៧ រូប។

ទី២៖ ពិនិត្យ និងពិភាក្សាលើការអនុវត្តគម្រោងដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច។

នៅក្នុងកិច្ចប្រជុំនេះ ជាមួយនឹងការវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារដែល អ.ដ.ក. សម្រេចបាននាដំណាក់កាលដំបូងនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការសម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៨៦ រូបនាពេលនេះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀត ក្នុងដំណើរការនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។

ទន្ទឹមគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងជាប្រធានអង្គប្រជុំ ក៏បានណែនាំដល់ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. នូវការងារជាអាទិភាពចំពោះមុខមួយចំនួន ក្នុងនោះ ក៏ផ្តោតលើការរៀបចំគម្រោងឆ្ពោះទៅមូលដ្ឋាន ដោយធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ លើការបណ្តុះបណ្តាលបច្ចេកទេសសម្រុះសម្រួលដោះស្រាយវិវាទដល់អាជ្ញាធរមូលដ្ឋាន និងជំរុញការផ្សព្វផ្សាយអំពីយន្តការ និងបេសកកម្មរបស់ អ.ដ.ក. ក្នុងការចុះទៅដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅសម្រេចបាននូវគោលបំណងចម្បងក្នុងការបង្កើត អ.ដ.ក. ដែលជាវិធានគន្លឹះមួយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមគូសបញ្ជាក់ផងដែរថា តាមការគ្រោងទុក នាព្រឹកថ្ងៃសុក្រស្អែកទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ អ.ដ.ក. និងក្រសួងយុតិ្តធម៌ នឹងរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំង ៨៦ រូប ដែលទទួលបាននីតិសម្បទាពី អ.ដ.ក. មុនពេលចាប់ផ្តើមអនុវត្តមុខងារជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជាផ្លូវការ ស្របតាមច្បាប់កំណត់៕

អត្ថបទដែលជាប់ទាក់ទង