សមាគមឧកញ៉ាកម្ពុជាចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា «ឧកញ៉ា»

ភ្នំពេញ៖ បន្ទាប់ពីមានករណីខ្មាន់កាំភ្លើងមានគោរមងារជាឧកញ៉ាឈ្មោះ ស្រី ស៊ីណា បានទាញ់កាំភ្លើងបាញ់ជាច្រើនគ្រាប់ បណ្ដាលឱ្យមានមនុស្សស្លាប់ក្នុងថ្លុកឈាមដូចសត្វធាតុយ៉ាងសាហាវព្រៃផ្សៃនិងបានបណ្ដាលឲ្យមានជនរងគ្រោះមួយចំនួនទៀតកាលពី

វេលាម៉ោង១៥៖៥០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបុរី ប៉េង ហួត ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សមាគមឧកញ៉ាកម្ពុជាក៏បានប្រញាប់ប្រញាល់ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា «ឧកញ៉ា»ភ្លាមៗតែម្ដង។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទី រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្មោ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្តាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាល២នាក់។ 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តនីតិវិធី។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានជនសង្ស័យឈ្មោះ ស្រី ស៊ីណា គឺមានគោរមងារជា ឧកញ៉ា”។ 

សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំង អស់មេត្តាជ្រាបថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែ មិនមែនជាសមាជិកសមាគម ឧកញ៉ាកម្ពុជា នៅឡើយទេ។ 

ទោះបីជាយ៉ាងណាក៏ដោយ សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្ត ទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តី ថ្លៃថ្នូរ នៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ ស្របតាម មាត្រា១៩, មាត្រា២២, និង មាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។

សមាគមឧកញ៉ាកម្ពុជាសូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង សាធារណជន ទាំង អស់មេត្តាជ្រាបជាព័ត៌មានតាមការគួរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង អ្នកនាំពាក្យ សមាគមឧកញ៉ាកម្ពុជា តាម រយៈលេខទូរស័ព្ទ ០១២ ៨១០ ៨១១ នៅរៀងរាល់ម៉ោងធ្វើការ។

គួរជម្រាបថា ខ្មាន់កាំភ្លើងដែលបានចូលទៅបាញ់មនុស្សដល់ក្នុងផ្ទះ នៅខណ្ឌច្បារអំពៅ ដោយបានបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករងរបួសមួយចំនួនទៀត ហើយជនដៃដល់បានព្យាយាមរត់គេចខ្លួន ពេលនេះ ត្រូវបានកម្លាំងជំនាញក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបើកប្រតិបត្តិរហូតឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់យកទៅផ្ទន្ទាទោសតាមផ្លូវច្បាប់បានហើយនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា នៅវេលាម៉ោង១៥៖៥០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបុរី ប៉េង ហួត ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យជនរងគ្រោះចំនួន០៤នាក់៖ *ជនរងគ្រោះទី១៖ ឈ្មោះ ឡុង វិសុង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅចំនុចកើតហេតុ  ស្លាប់នៅកន្លែងកើតហេតុ។  *ជនរងគ្រោះទី២៖ ឈ្មោះ ឃីម កញ្ចនា ភេទ ស្រី អាយុ ២៥ ឆ្នាំ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។  ចំណែក *ជនរងគ្រោះទី៣៖ ឈ្មោះ សុខុម ចរណៈ ភេទ ប្រុស អាយុ ២០ ឆ្នាំ រងរបួសស្រាល
*ជងរគ្រោះទី៤៖ ឈ្មោះ ហុង រិទ្ធារក្ស័ ភេទ ប្រុស អាយុ ២៤ ឆ្នាំ របួសស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ប្រភពបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រី ស៉ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៤៤ ផ្លូវ ៣៩០ ភូមិ ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គឺជាជនដៃដល់។

ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួម៖
*ទី១៖ កាំភ្លើងខ្លីម៉ាក SIOEGER COUAR 8000។
*ទី២៖ រថយន្តយន្តម៉ាក ស៊ាំយ៉ុង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9923( មធ្យោបាយជិះគេចខ្លួន)។
*ទី៣៖ ម៉ូតូម៉ាក HONDA ZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GX-9541។
*ទី៤៖ រថយន្តម៉ាក តូយូតា រៃ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BO-3654។

ប្រភពបន្ថែមថា ដើមហេតុនៃជម្លោះគឺដោយសារតែកាលពី០៣ថ្ងៃមុន ជនរងគ្រោះមានការឈ្លោះប្រកែកគ្នាជាមួយម្ចាស់ផ្ទះលេខ ២៤ ដែលនៅជាប់គ្នា ជុំវិញរឿងរ៉ាវកាប់ដើមស្វាយ និងដាក់ស្នួលខោអាវ។ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះកំពុងនៅជ៉ំគ្នានៅក្នុងផ្ទះនាចំណុចកើតហេតុខាងលើ ពេលនោះស្រាប់តែលេចមុខជនសង្ស័យទី១ មកសួរនាំរឿងឈ្លោះគ្នាជាមួយបងរបស់ខ្លួនកាលពីថ្ងៃមុនរួច ក៏ដកកាំភ្លើងខ្លីបាញ់ស្រោចទៅលើក្រុមជនរងគ្រោះបណ្តាលឲ្យស្លាប់ និងរបួសស្រាល។ក្រោយបង្កហេតុជនសង្យ័យបានរត់ឡើងជិះម៉ូតូដែលបក្សពួកខ្លួនកំពុងរង់ចាំបន្ទាប់មកនាំគ្នាជិះគេចខ្លួន។ ភ្លាមៗសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ បន្តនីតិវិធីស្រាវជ្រាវកំណត់មុខសញ្ញាដេញតាមជនសង្ស័យ។

បើប្រភពបន្តថា សមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសហការជាមួយសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកអង្គស្នួល។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យ ស្រី ស៊ីណា សមត្ថកិច្ចបញ្ជូនជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តនិតីវិធី។

គួរជម្រាបទៀតថា ជនសង្ស័យ ស្រី ស៊ីណា ត្រូវបានគេស្គាល់ និងដឹងថាមានគោរម្យងារជាឧកញ៉ា ដែលកាន់កាប់ជំនួញផ្នែកអចលនទ្រព្យ ហើយលោកគឺជាថៅកែបុរី និងម្ចាស់ហាងយីហោសុភមង្គល៕

 

អត្ថបទដែលជាប់ទាក់ទង