ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលផ្តាំផ្ញើក្រុមប្រឹក្សាខេត្តដែលបានជាប់ឆ្នោតទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញកិច្ចការងារជូនប្រជាពលរដ្ឋ
កណ្តាល៖ ឯកឧត្តម នូ សាខន បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាខេត្តទាំងអស់ដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សាខេត្ត ក្នុងអណត្តិថ្មីនេះ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ជូនប្រជាពលរដ្ឋ ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ត្រូវបន្តខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។
ការផ្ដាំផ្ញើរបស់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត កម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបន្តក្រើនរំលឹកដល់ សមាជិកក្រុមប្រឹក្សាទាំងសមាសភាពចាស់ និងថ្មីត្រូវរួមសហការគ្នាខិតខំដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាក្រុមប្រឹក្សានៅតាមក្រុង-ស្រុកឱ្យអស់ក្នុងអាណត្តិទី៣ចាស់កន្លងទៅ នឹងត្រូវត្រៀមខ្លួនបើកវេទិកាពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងអាណត្តិថ្មីបន្តទៀតឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
គួតជម្រាបថា ក្នុងអាណត្តិទី៣ កន្លងទៅនេះ ក្រុមប្រឹក្សាខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩-២០២៣ តាមបណ្តាក្រុង-ស្រុកទាំង១៣ បានចំនួន ៥២លើក មានអ្នកចូលរួមចំនួន ២២ ៧៦២នាក់ (ស្រី ៧ ៤២៧នាក់)។ សំណើ និងសំណូមពរ ទទួលបាន ២៤៩២ ដោះស្រាយបានចំនួន ២០២៨សំណើ/សំណូមពរ និងមានវិធានការបន្តដើម្បីដោះស្រាយចំនួន ៤៦៣សំណើ/សំណូមពរ៕