ឯកឧត្ដម ប៉ែន បូណា៖ ប្រសិទ្ធភាពលើការងារព័ត៌មាន និងនាំពាក្យគឺការងារស្នូលរបស់អ្នកនាំពាក្យដើម្បីពាំនាំការពិត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាបនិងចូលរួមបន្សាបព័ត៌មានក្លែងក្លាយ
កណ្តាល៖ ឯកឧត្ដម ប៉ែន បូណា បានសង្កត់ធ្ងន់ថា ប្រសិទ្ធភាពលើការងារព័ត៌មាន និងនាំពាក្យគឺការងារស្នូលរបស់អ្នកនាំពាក្យ គឺត្រូវពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យដើម្បីពាំនាំការពិត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស។
ការសង្កត់ធ្ងន់របស់ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ។
នៅក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ដើម្បីធ្វើបទបង្ហាញតម្រង់ទិស ដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ស្តីពី«ប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យ» នាពេលនេះ ជាសក្ខីភាពបង្ហាញអំពីការយកចិត្តទុកដាក់ និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីជួយពង្រឹង និងលើកកម្ពស់នូវប្រសិទ្ធភាពនៃការប្រមូល និងការផ្តល់ព័ត៌មានរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជូនដល់ប្រជាពលរដ្ឋ និងសាធារណៈមិត ឱ្យមានភាពល្អប្រសើរឡើង។ លោកបន្តថា ពិធីបើកសិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះ ឯកឧត្តមសូមចូលរួមចំណែកចែក រំលែកនូវកិច្ចការមួយចំនួនដែលក្រុមការងារព័ត៌មានរដ្ឋបាលខេត្តបានអនុវត្តកន្លងមក និងកំពុងអនុវត្តបន្ត សម្រាប់សិក្ខាកាមជាមន្ត្រីព័ត៌មានទាំងអស់ ដូចជា៖ ត្រូវអនុវត្តតាមគោលការណ៍ដែលបានបញ្ញត្តិ ជាពិសេសគឺការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីព័ត៌មាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានត្រឹមត្រូវ ប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈ នៃសារព័ត៌មាន និងរៀបចំឱ្យបានច្បាស់លាស់ ដើម្បីធានាថា ដំណើរការចំពោះយន្តការ នៃលំហូរ ព័ត៌មាន និងជួយដល់ការងារផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន។ពង្រឹងការគ្រប់គ្រងព័ត៌មាន ដែលបានផ្សព្វផ្សាយចេញ ដើម្បីឈានទៅរកការកាត់ បន្ថយឱ្យបានដល់កម្រិតអប្បបរមានៃព័ត៌មានប្រឌិត ដែលមានចេតនាបង្កើតការ ភ័ន្តច្រឡំ បំផុសការសង្ស័យ បង្កើតពង្រីកការមិនទុកចិត្ត បំផ្លាញប្រសិទ្ធភាពការងារ វាយត្រូវធ្វើការទប់ស្កាត់ និងឆ្លើយតបទៅវិញប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយនេះ ឯកឧត្ដម ប៉ែន បូណា ក៏បានលើកឡើងពីគោលបំណងសំខាន់ៗចំនួន ៥ ដែលវគ្គបណ្តុះបណ្តាលនេះធ្វើឡើង៖ ទី១.ពង្រឹងការយល់ដឹងពីតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យប្រកបដោយជំនាញនិងវិជ្ជាជីវៈ ទី២.ក្លាយខ្លួនជាអ្នកនាំពាក្យប្រកបដោយគុណវុឌ្ឍិ គុណភាព និងគុណធម៌ ទី៣.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ទី៤.ពង្រឹងការយល់ដឹងពីរបៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងទី៥.ចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិប្រកបដោយការរីកចម្រើននិងចីរកាល។
គួរជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នេះ សហការរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្តាល។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបន្តចុះរៀបចំវគ្គបណ្តុះបណ្តាលនៅតាមបណ្តាខេត្តផ្សេងៗទៀតជាបន្តបន្ទាប់៕