រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវការប្រភពព័ត៌មានដើម្បីជាមូលដ្ឋាននៃការសរសេរអត្ថបទព័ត៌មានរបស់ខ្លួន ចំណែកអាជ្ញាធរត្រូវការអ្នកសារព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានពីអាជ្ញាធរទៅកាន់ប្រជាពលរដ្ឋ

ព្រៃវែង៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវការប្រភពព័ត៌មានដើម្បីជាមូលដ្ឋាននៃការសរសេរអត្ថបទព័ត៌មានរបស់ខ្លួន ចំណែកអាជ្ញាធរត្រូវការអ្នកសារព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានពីអាជ្ញាធរទៅកាន់ប្រជាពលរដ្ឋ និងទទួលបាននូវមតិយោបល់ត្រឡប់មកវិញដើម្បីឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ បន្តបម្រើប្រជាពលរដ្ឋកាន់តែខ្លាំង និងបង្កើនប្រសិទ្ធភាពការងារ។

ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងបងប្អូនអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្តថា «អាជ្ញាធរនិងអ្នកសារព័ត៌មានជាតួអង្គយ៉ាងសំខាន់ក្នុងការធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយការពិតំ្យបានច្រើនដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ»។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថារដ្ឋបាលខេត្តក្រុងស្រុក ខិតខំបម្រើពលរដ្ឋយ៉ាងសកម្ម ហើយសមិទ្ធផលជាច្រើនត្រូវបានសម្រេច។ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែង ផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីបងប្អូនប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មាន និងយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

ជាមួយនោះ ឯកឧត្ដមបានផ្តួចផ្តើមគំនិតនិងស្នើរដ្ឋបាលរាជធានីខេត្តតាមរយៈការសម្របសម្រួលរបស់មន្ទីរព័ត៌មានរាជធានីខេត្តរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់មូលដ្ឋានក្រុងស្រុកខណ្ឌដើម្បីស្វែងយល់ពីការអភិវឌ្ឍរីកចម្រើននិងបញ្ហាប្រឈមនានារបស់ខេត្តក្រុងស្រុកខណ្ឌនិងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងនិងចូលរួមសហការ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងដែរថា៖ «ក្នុងស្មារតីបុរេសកម្ម និងសកម្ម, ខ្ញុំស្នើសុំរដ្ឋបាលខេត្តព្រៃវែងរៀបចំដំណើរទស្សនកិច្ចសិក្សាជូនបងប្អូនអ្នកសារព័ត៌មាននៅក្នុងខេត្តដើម្បីពួកគាត់បានដឹងនិងយល់ពីសក្តានុពល គម្រោងអភិវឌ្ឍ សមិទ្ធផលសម្រេចដែលរាជរដ្ឋាភិបាល រដ្ឋបាលខេត្តសម្រេចបានសម្រាប់ខេត្តខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងបន្ថែមទៀតពីអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលខេត្តមាន»។

ឯកឧត្តមបានលើកទឹកចិត្តនិងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរនិងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មន្ត្រីនិងអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពខ្លួនជាប្រចាំ និងអនុវត្តឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈដែលជាអាវក្រោះការពារបងប្អូនអ្នកសារព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង