តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើអតីតឧកញ៉ា ស្រី ស៉ីណា ពីបទមនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់២សំណុំរឿងលើអតីតឧកញ៉ា ស្រី ស៉ីណា ដែលបាញ់សម្លាប់មនុស្សនៅខណ្ឌច្បារអំពៅ ពីបទមនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់។ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ៖សំណុំរឿងទី១ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជន រងគ្រោះ ០២នាក់បានស្លាប់ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់ គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ សំណុំរឿងទី២ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ។

ចំពោះ២នាក់ទៀត ត្រូវបានដោះលែងវិញ​ដោយសាររកឃើញថា ពួកគេទាំង២នាក់ មិនជាប់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារនេះ។ ដោយឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ តំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថា បុគ្គលទាំងពីរនាក់នេះ មិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ។

គួររំលឹកថា មនុស្ស២នាក់ផ្សេងទៀត ដែលត្រូវបញ្ជូនទៅតុលាការជាមួយខ្មាន់កាំភ្លើង ស្រី ស៉ីណា ឈ្មោះ សាន សុខចំរើន អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ២៦ឆ្នាំ ដែលពួកគេទាំងពីរនាក់នេះ ម្នាក់ជាអ្នកដឹកឧកញ៉ាទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកឧកញ៉ាក្រោយធ្វើសកម្មភាពរួច។ ដោយឡែក ស្ដ្រីឈ្មោះ សាន ស្រីពេជ្រ និងម្ដាយ សមត្ថកិច្ចជំនាញគ្រាន់តែហៅទៅសួរនាំប៉ុណ្ណោះ មិនបានបញ្ជូនទៅតុលាការឡើយ។

គួររំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹង ដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។

ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ៕

អត្ថបទដែលជាប់ទាក់ទង