ឯកឧត្តម គួច ចំរើន ប្តេជ្ញានឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្តកណ្ដាល

កណ្ដាល៖ ឯកឧត្តម គួច ចំរើន ប្តេជ្ញាថា នឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អច្រាំងទន្លេ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួន ច្បារ ជាពិសេសការរៀបចំកែលំអរសោភ័ណភាព ទីក្រុង និងទីប្រជុំជន ដើម្បីប្រែក្លាយជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែល មានគុណភាពបរិស្ថាន និងការរស់នៅប្រកបដោយសុខដុមរមនា ស្រប តាមប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ចក្ខុវិស័យឆ្នាំ២០៣០ ធានាការ គ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយ ប្រសិទ្ធភាព គុណភាព តុល្យភាព ចីរភាព និងសមធម៌។

ការប្តេជ្ញារបស់ឯកឧត្តម គួច ចំរើន ក្នុងឱកាសដែលឯកឧត្តមត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្ដមអភិបាលខេត្តក៏បានធ្វើការប្តេជ្ញាថា នឹងខិតខំការពារឲ្យខាងតែបាននូវគុណតម្លៃ សន្តិភាព និងស្ថេរភាព នយោបាយ ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត បទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងពិធីប្រកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិតបានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ និងចូលរួមជាមួយឯកឧត្តម គួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ 

ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់នូវគោលការណ៍ណែនាំលើកិច្ចការអាទិភាពឱ្យរដ្ឋបាលខេត្តត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការដោះស្រាយផលប៉ះពាល់បណ្តាលមកពីវិបត្តិជាសកលនានា  សំដៅអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាពនិងសុខដុមនីយកម្មក្នុងសង្គម។ 

ឯកឧត្តម ស សុខា ក៏បានជំរុញឱ្យរដ្ឋបាលខេត្តបន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្ម ផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ព្រមទាំងការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីក្នុងការបំពេញការងារ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។

ឯកឧត្ដមរដ្ឋមន្ត្រីបានជំរុញឲ្យបន្តពង្រឹង និងសម្រួលនីតិវិធីផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ សេវាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងពង្រឹងយន្តការផ្តល់ព័ត៌មាន ទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការឆ្លើយតប ទៅនឹងតម្រូវការចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈមចាំបាច់ របស់ប្រជាពលរដ្ឋ ជាពិសេសសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់ រហ័ស មានលក្ខណៈទំនើប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន សមធម៌សង្គម និងការជឿទុកចិត្តពីប្រជាជន៕

 

អត្ថបទដែលជាប់ទាក់ទង