មេប៉ូលិស ជួន ណារិន្ទ បញ្ជាឱ្យកោះហៅមន្រ្តីចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យាមកសួរនាំក្រោយផ្ទុះការរិះគន់ព្រោងព្រាតលើFacebook

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការរិះគន់ព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធមន្រ្តីចរាចរណ៍ម្នាក់ និងមន្ត្រីជាប់កិច្ចសន្យាម្នាក់ដែលឈរជើងនៅគោលដៅចំណុចស្តុបណតប្រ៊ីដផ្លូវ២០០៤ ដោយបានទៅចាប់ទាញដងកញ្ចក់ម៉ូតូ របស់ក្មេងស្រីម្នាក់បណ្តាលឲ្យដួល ហើយបែរជានាំគ្នា ឈរមើល លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាឱ្យកោះហៅមន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៤នេះ។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី២ កក្ដដានេះថា មន្រ្តីទាំង២នាក់នោះ ត្រូវបានមន្រ្តីជំនាញកំពុងសួរនាំ និងរង់ចាំបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធី។

បើតាមប្រភពផ្សេងទៀតថា ទង្វើរបស់មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាលចរាចរណ៍ខាងលើនោះ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងជាពិសេសបង្ហាញពីការបាត់បង់គុណធម៌ សីលធម៌ និងក្រមសីលធម៌ ក្នុងការបំពេញតួនាទីមិនសមជាមន្ត្រីអនុវត្តច្បាប់ទេ។ 

បើតាមឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានបង្ហោះវីដេអូនេះ ហើយសរសេរថា «សីលធម៌វានឹងលើកតម្លៃឯកសណ្ឋានបស់លោក ឬក៏ជាន់អស់លោកទៅក្នុងលាមក!»៕

អត្ថបទដែលជាប់ទាក់ទង