អភិបាលខេត្តកណ្ដាលអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គួរបញ្ជាក់ដែរថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតនៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

គួរជម្រាបជូនថា កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តមអភិបាលខេត្តកណ្តាលបានដឹកនាំកងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកៀនស្វាយអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចុះត្រួតពិនិត្យទីតាំង បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ និងប្រជុំពិភាក្សា ណែនាំ ត្រួតពិនិត្យ ដើម្បីត្រៀមរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គួររំលឹកជូនផងដែរថា កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបន្ទាប់ពីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកណ្ដាលក៏បានដឹកនាំកងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង